Ancelotti ទទូចឱ្យក្រុមនៅ PL មួយនេះ គាំទ្រ Real Madrid ថ្ងៃផ្ដាច់ព្រ័ត្រ UCL ជាមួយ Liverpool

អ្នក​ចាត់ការ Real Madrid និង​កូន​ក្រុម កំពុង​មាន​ភាពមមាញឹក​ក្នុងការ​ត្រៀម​ខ្លួន​សម្រាប់​ការប្រកួត UEFA Champions League វគ្គ​ផ្ដាច់ព្រ័ត្រ​ទល់នឹង Liverpool នា​រាត្រី​ថ្ងៃ​សៅរ៍​នេះ។

ក្រុម​អធិរាជ​ស បាន​ធ្វើដំណើរ​ទៅដល់​កីឡដ្ឋាន Stade de France ក្នុង​ទីក្រុងប៉ារីស ប្រទេស​បារាំង ដោយ​រំពឹង​ថា អាច​ឈ្នះ​ពាន​ទី២ ក្រោម​ការត្រលប់​មកដឹកនាំ​របស់​លោក Ancelotti នៅ​រដូវកាល​នេះ។

លោក Ancelotti បាន​ឈ្នះ​ជើងឯក La Liga ជា​លើក​ដំបូង​របស់​ខ្លួន​ក្នុង​នាមជាអ្នកចាត់ការក្លិប កាល​ពី​ខែមុន ហើយ​លោក​មាន​ក្ដី​រំពឹងថា អាច​ឈ្នះ​ជើង​ឯក Champions League លើកទី៤​ក្នុង​នាមជាអ្នកចាត់ការក្លិបផងដែរ។

ប៉ុន្ដែបុរសជនជាតិអ៊ីតាលីរូបនេះ បានសូមការគាំទ្រពីអ្នកគាំទ្ររបស់ Everton សម្រាប់ការប្រកួតនេះ។

ការគោរពពីអ្នកគាំទ្រ Everton មករូបលោកពិតជាមិនអាចកាត់ថ្លៃបាននោះទេ បើទោះបីជាលោកបានចាកចេញពីក្លិបនេះ ដោយមិនត្រូវបានរំពឹងទុក កាលពីរដូវក្ដៅកន្លងទៅក៏ដោយ។

លោក Ancelotti បាននិយាយកាលពីម្សិលមិញថា៖ “អ្នកគាំទ្រ Everton ប្រាកដជានឹងគាំទ្រយើងនៅថ្ងៃស្អែក។ មានការប្រជែងគ្នាដ៏អស្ចារ្យជាមួយ Liverpool ហើយខ្ញុំមានការចងចាំដ៏ល្អ សម្រាប់ពេលវេលារបស់ខ្ញុំនៅទីនោះ សម្រាប់ក្រុមពណ៌ខៀវក្នុងទីក្រុង”៕

ប្រភព៖ Football Espana