Chhetri បន្ថយគម្លាតគ្រាប់បាល់ពី Messi ក្រោយជួយឥណ្ឌាឈ្នះកម្ពុជា ក្នុងការប្រកួតដ៏ចម្រូងចម្រាស់

ខ្សែប្រយុទ្ធ Sunil Chhetri រក​គ្រាប់បាល់​២​គ្រាប់ សម្រាប់​ក្រុមបាល់ទាត់​ជម្រើសជាតិ​ឥណ្ឌា សម្រាប់​ប្រកួត​បើកឆាក AFC Asian Cup Qualifiers ដោយ​បានយក​ឈ្នះ​កម្ពុជាក្នុង​លទ្ធផល ២-០ កាល​ពី​ថ្ងៃពុធ​កន្លង​ទៅ។

ក្រុម​ម្ចាស់ផ្ទះ​ឥណ្ឌា បាន​កំណត់​គោលដៅ​ឡើង​ទៅ​ចូលរួម​ការប្រកួត Asian Cup ពីរលើក​ជាប់​គ្នា ក្រោយ​ធ្លាប់​ធ្វើបាន​ចុងក្រោយបង្អស់​កាលពី​ឆ្នាំ​២០១៩ ស្របពេល​ពួកគេ​នៅសល់​ការប្រកួត​ពីរ​ទៀត ទល់​នឹង​ហុងកុង និង​អាហ្វហ្កានីស្ថាន។

បន្ទាប់​ពីសហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បាន​ដាក់បណ្ដឹង​ទៅ​កាន់ AFC ដោយ​ព្រមាន​ដកខ្លួន​ពីការ​ប្រកួត ដោយសារ​ការខ្វះការយកចិត្ត​ទុកដាក់របស់​ម្ចាស់ផ្ទះ មានរឿងចម្រូងចម្រាស់មួយទៀតបានកើតឡើង ពេលត្រៀមការប្រកួត។

ក្រុមជម្រើសជាតិកម្ពុជា ត្រូវរង់ចាំអស់ពេល៧នាទី ដើម្បីបានច្រៀងជាតិ ដែលជារឿងមួយកម្រនឹងកើតមានឡើង នៅក្នុងការប្រកួតបាល់ទាត់។

សូម​បញ្ជាក់ថា គ្រាប់បាល់​ជ័យជម្នះ២គ្រាប់​ដែល​រកបាន​ដោយ ខ្សែប្រយុទ្ធ Chhetri កើតឡើង​ក្នុងនាទី​ទី ១៤ និង​នាទី​ទី៦០ ដែល​ធ្វើឱ្យ​កីឡាករវ័យ៣៧​ឆ្នាំ​រូបនេះ ឡើង​មក​លេខ​៦ ក្នុង​ចំណោមកីឡាករ​ដែល​រក​គ្រាប់បាល់ច្រើនបំផុត​សម្រាប់​ក្រុមជម្រើសជាតិ​បុរស និង​មានគម្លាត​គ្រាប់បាល់​តែ​៤​គ្រាប់​ប៉ុណ្ណោះ​ពី Lionel Messi៕