គ្រូមន្ដអាគមមួយក្រុមមានសមាជិក១៣នាក់ កំពុងព្យាយាមរិះរកវិធីដើម្បីជួយក្រុមបាល់ទាត់ជម្រើសជាតិរបស់ពួកគេ ឱ្យមានឱកាសចូលរួមព្រឹត្តិការណ៍ FIFA World Cup ដោយធ្វើពិធីបួងសួង មុនការប្រកួត playoff ផ្ដាច់ព្រ័ត្រទល់នឹងអូស្ដ្រាលី។
ក្រុមប៉េរូ នឹងជួបតតាំងជាមួយក្រុមអូស្ដ្រាលី នាថ្ងៃចន្ទខាងមុខ ដើម្បីរកអ្នកឈ្នះទៅលេង World Cup នៅកាតារ ហើយគ្រូមន្ដអាគមមួយក្រុមនៅប៉េរូ បានជួបជុំគ្នានៅជើងភ្នំក្នុងទីក្រុង Lima ប្រារព្ធពិធីអាគមអូមអាម ជួយតាមផ្លូវក្នុងដល់ក្រុមជម្រើសជាតិពួកគេ។
សូមរំឭកថា ប៉េរូនៅសល់ឱកាសចុងក្រោយ ដោយត្រូវឆ្លងកាត់វគ្គជម្រុះចម្រុះទ្វីប ដើម្បីទទួលបានកៅអី World Cup 2022 បន្ទាប់ពីបញ្ចប់លទ្ធផលក្នុងតារាងវគ្គជម្រុះប្រចាំតំបន់អាមេរិកខាងត្បូងក្នុងចំណាត់ថ្នាក់លេខ៥។
រីឯក្រុមអូស្ដ្រាលីវិញ ទើបតែបានទម្លាក់ក្រុមអាម៊ីរ៉ាតអារ៉ាប់រួម ក្នុងវគ្គផ្ដាច់ព្រ័ត្រ playoff ប្រចាំទ្វីបអាស៊ី ហើយឡើងមកជំនួបប៉េរូក្នុងវគ្គជម្រុះចុងក្រោយ នាថ្ងៃទី១៣ ខែមិថុនានេះ ដើម្បីរកអ្នកឈ្នះបានទៅលេង World Cup នៅប្រទេសកាតារ នាខែវិច្ឆិកាខាងមុខនេះ៕
ប្រភព៖ BBC