ខ្សែប្រយុទ្ធមួយរូប បង្ហើបថា ២០២២-២៣ អាចជារដូវកាលចុងក្រោយរបស់ខ្លួននៅ Spurs

ខ្សែប្រយុទ្ធ Lucas Moura បានបង្ហាញអារម្មណ៍រីករាយ ដែលបានលេងពានរង្វាន់ UEFA Champions League ជាមួយ Tottenham Hotspur ប៉ុន្ដែគេបានបង្ហើបថា រដូវកាលបន្ទាប់ អាចជារដូវកាលចុងក្រោយ ដែលខ្សែប្រយុទ្ធរូបនេះលេងឱ្យក្រុមមាន់ខ្នាយមាស។

Moura បានផ្ទេរមកចូលរួម Spurs ពីក្លិប Paris Saint-Germain ក្នុងឆ្នាំ២០១៨ ជាមួយកុងត្រារយៈពេល៥ឆ្នាំ ដែលនឹងផុតកំណត់នៅខែមិថុនា ឆ្នាំ២០២៣។

ខ្សែប្រយុទ្ធវ័យ២៩ឆ្នាំ បង្ហាញខ្លួន៣៤ប្រកួតនៅ Premier League ក្នុងរដូវកាល ២០២១-២២ ដោយរកគ្រាប់បាល់២គ្រាប់ និង assist ៦លើក ហើយបង្កើតឱកាស៣៤លើក ដែលជួយឱ្យ Spurs ធានាបានកៅអី Champions League។

Moura ត្រូវប្រឹងប្រែង ដើម្បីអា ប្រកួតប្រជែងតំណែងក្នុងជម្រើសដំបូងជាមួយ Harry Kane, Son Heung-min និង Dejan Kulusevski ជាដើម។

ខ្សែប្រយុទ្ធរូបនេះ បាននិយាយថា៖ “គំនិតរបស់ខ្ញុំគឺបំពេញកុងត្រា។ វាមានពេលមួយឆ្នាំទៀត ជាមួយជម្រើសបន្ថែមមួយឆ្នាំ ស្ថិតនៅក្នុងផ្នែករបស់ក្លិប។ ដូច្នេះ នៅដំណាច់រដូវកាលនេះ ប្រសិនបើក្លិបចង់បន្ដមួយឆ្នាំទៀត ពួកគេមានជម្រើសមួយនោះ”។

“ប៉ុន្ដែគំនិតរបស់ខ្ញុំគឺបែបនេះ។ បញ្ចប់កុងត្រា លេងក្នុងពាន Champions League, យើងខានលេង Champions League ពីរឆ្នាំមកហើយ ហើយពេលនេះ វាអាច, ប្រហែលជាការលេង Champions League លើកចុងក្រោយរបស់ខ្ញុំនៅ Tottenham។ ដូច្នេះបន្ទាប់មក គឺត្រូវនៅទីនេះ បំពេញកុងត្រា បន្ទាប់មកមានសេរីភាព បន្ទាប់មកទៀត គឺសម្រេចចិត្តថាខ្ញុំនឹងត្រូវទៅទីណា”៕

ប្រភព៖ Live Score