ក្រុមកីឡាកររបស់ Chelsea កំពុងទទូចឱ្យថ្នាក់លើរបស់ក្លិប នាំយកតារាឆ្នើម PL រូបនេះ មកកាន់ក្រុម

ថ្មីៗ​នេះ​ ក្រុម​កីឡាករ​របស់​ក្លិប​តោខៀវ​ Chelsea បាន​ជំរុញ​ឱ្យ​ថ្នាក់​ដឹក​នាំ​របស់​ក្លិប​ ព្យា​យាម​ចុះ​ហត្ថលេខា​លើ​ខ្សែប្រយុទ្ធ​ឆ្នើម​នៅ​ Premier League រូប​នេះ​ មក​កាន់​ក្រុម​ ឱ្យ​បាន​មុន​ក្លិប​គូ​ប្រជែង​ Arsenal និង​ Tottenham Hotspur

Tuchel

ជាក់ស្តែង ក្រុមរបស់គ្រូបង្វឹក លោក Thomas Tuchel នៅមិនទាន់អាចទទួលបានការចុះហត្ថលេខាលើកីឡាករដំបូងណាមួយ នៅរដូវក្តៅនេះនៅឡើយនោះទេ ស្របពេលតារាឆ្នើមរបស់ខ្លួន ដូចជា Antonio Rudiger និង Andreas Christensen បានសម្រេចចិត្តចាកចេញហើយ ខណ:កីឡាករ Romelu Lukaku ក៏ខិតជិត ក្នុងការវិលត្រលប់ទៅកាន់ក្លិប Inter Milan វិញផងដែរ ។

យ៉ាងណាក៏ដោយ វាត្រូវបានគេរាយការណ៍ថា ក្លិប Chelsea បានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើកីឡាករ Richarlison ដែលមានបំណងចង់ចាកចេញពីក្លិប Everton ហើយបានធ្វើឱ្យបណ្តាក្លិបធំៗជាច្រើន កំពុងចង់បានរូបគេ ។

ដោយឡែក បើយោងតាមរបាយការណ៍ ដែលចុះផ្សាយពី The Sun នៅក្នុងពេលថ្មីៗនេះ បានបង្ហាញថាសមាជិកក្រុម Chelsea ចង់ឃើញ Richarlison ផ្ទេរមកកាន់ទឹកដី Stamford Bridge ដើម្បីក្លាយជាអ្នកជំនួសតំណែងរបស់ Lukaku

ប្រភពដដែលនេះ បានបង្ហាញទៀតថា ក្រុមកីឡាករបស់ Chelsea បានចាត់ទុក សមត្ថភាពដ៏អស្ចារ្យរបស់ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលរូបនេះ គឺជាអ្វី ដែលក្រុមរបស់ខ្លួន ត្រូវការ ហើយចង់ឃើញគេ មកធ្វើជាមិត្តរួមក្រុម នៅរដូវកាលក្រោយ ។

គួរឱ្យដឹងថា Richarlison ដែលអាចរកបាន ១០ គ្រាប់ នៅក្របខ័ណ្ឌ Premier League កាលពីរដូវកាលមុន ត្រូវបានគេយល់ថា បានជូនដំណឹងទៅកាន់ថ្នាក់ដឹកនាំរបស់ក្រុម Everton រួចរាល់ហើយ ថាចង់ដើរចេញពីក្លិប នៅរដូវក្តៅខាងមុខនេះ ៕

ប្រភព: Metro