គ្រូបង្វឹករបស់ក្លិប Real Madrid លោក Carlo Ancelotti ត្រូវបានគេរាយការណ៍ថា បានយកព្រមបើកផ្លូវឱ្យមានការចុះហត្ថលេខាលើខ្សែប្រយុទ្ធឆ្នើមរបស់ក្រុម Manchester City នៅរដូវក្តៅនេះ នៅពេលដែលក្លិបអេស្ប៉ាញ ហាក់កំពុងព្យាយាមបន្ថែមជម្រើសខ្សែប្រយុទ្ធថ្មី មកកាន់ទឹកដី Bernabeu ។

ជាក់ស្តែង កីឡាករដែលលោក Ancelotti ចង់បានមកនោះ គឺកីឡាករ Raheem Sterling នៅពេលដែលគេបានក្លាយជាកីឡាករដ៏សំខាន់មួយ សម្រាប់ក្រុម Man City អំឡុងរដូវកាល ២០២១–២២ ដោយបង្ហាញខ្លួនបាន ៤៧ ប្រកួត និងរួមចំណែករកគ្រាប់បាល់បាន ១៧ គ្រាប់ រួមទាំង assist បាន ៩ លើកផងដែរ ។
តែទោះជាយ៉ាងណាក៏ដោយ កិច្ចសន្យាបច្ចុប្បន្នរបស់ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេសរូបនេះ នៅទឹកដី Etihad នឹងត្រូវផុតកំណត់នៅខែមិថុនា ឆ្នាំក្រោយហើយ ខណ:ឥឡូវនេះ កំពុងមានការរំពឹងទុកជាច្រើន ជុំវិញអនាគតរបស់គេ នៅក្នុងក្រុម Man City។
គួរឱ្យដឹងថា ទាំង Chelsea , Barcelona និង AC Milan សុទ្ធសឹងតែបានបង្ហាញការចាប់អារម្មណ៍លើ Sterling ប៉ុន្តែបើតាមរបាយការណ៍ថ្មីៗនេះ បានបង្ហាញថា ក្លិប Real Madrid ក៏កំពុងបង្ហាញចិត្តចង់បានរូបគេមកកាន់ក្លិបរបស់ខ្លួនផងដែរ ។
លើសពីនេះ បើតាមអ្នកកាសែត Ekrem Konur បានបង្ហាញទៀតថា គ្រូបង្វឹករបស់ក្លិប Madrid លោក Ancelotti ឥឡូវនេះ ហាក់ដូចជាបានយល់ព្រមហើយ ដើម្បីឱ្យក្លិបរបស់លោក ធ្វើការចុះហត្ថលេខាលើ Sterling មក នៅពេលទីផ្សារដោះដូរ រដូវក្តៅនេះបើកដំណើរការឡើងវិញ ៕
ប្រភព: Sportsmole