Zidane ពន្យល់មូលហេតុដែល បោះចោលឱកាសដឹកនាំ Manchester United

លោក Zinedine Zidane បានពន្យល់ពីមូលហេតុដែល ការដឹកនាំ Manchester United មិនស្ថិតនៅក្នុងការពិចារណារបស់លោក នៅពេលដែលមានឱកាសក្នុងការទៅចូលនៅ Old Trafford។

បុរសជនជាតិបារាំងរូបនេះ បានទំនេរពីអាជីពជាគ្រូបង្វឹកបាល់ទាត់ ចាប់តាំងពីប្រកាសចាកចេញពីតំណែងនៅ Real Madrid ជាលើកទី២ ក្នុងរដូវក្ដៅឆ្នាំ២០២១។

លោក Zidane កំពុងស្វែងរកឱកាសទទួលបានការងារជាគ្រូបង្វឹកជាថ្មី ប៉ុន្ដែលោកបានសារភាពថា ដោយសារមហិច្ឆតាផ្ទាល់ខ្លួន បានញ៉ាំងឱ្យលោកបោះបង់ឱកាសជាច្រើនកន្លងមក ខណៈបញ្ហាភាសាជាមូលហេតុធំបំផុត ដែលរារាំងមិនឱ្យបុរសវ័យ៥០ឆ្នាំរូបនេះ ដឹកនាំក្លិបនៅ Premier League។

អតីតអ្នកចាត់ការរបស់ក្លិបអធិរាជសរូបនេះនិយាយថា៖ “នៅពេលដែលអ្នកនៅជាកីឡាករ អ្នកអាចជ្រើសរើសសឹងតែក្លិបទាំងអស់។ ក្នុងនាមជាគ្រូបង្វឹក មានមិនដល់៥០ក្លិបទេ ដែលអ្នកអាចទៅ។ លទ្ធភាពដែលអាចទៅរួចមានតែពីរ បីក្លិបប៉ុណ្ណោះ”។

“ប្រសិនបើខ្ញុំត្រលប់ទៅក្លិបវិញ វាគឺដើម្បីឈ្នះ។ ដូច្នេះហើយខ្ញុំមិនអាចទៅកន្លែងណាមួយបាន។ ក៏មានហេតុផលផ្សេងទៀតដែរ ខ្ញុំប្រហែលមិនអាចទៅគ្រប់កន្លែងបានទេ។ ហេតុផលអ្វីដែរ? បញ្ហាភាសា, ជាឧទាហរណ៍។ លក្ខខណ្ឌជាក់លាក់ជាច្រើន កាន់តែធ្វើឱ្យមានការលំបាក”។

“នៅពេលដែលមានអ្នកនិយាយប្រាប់ខ្ញុំ តើអ្នកចង់ទៅ Manchester ទេ? ខ្ញុំយល់ពីភាសាអង់គ្លេស ប៉ុន្ដែខ្ញុំមិនជំនាញលើវាទេ”។

“ខ្ញុំដឹងថាមានគ្រូបង្វឹកច្រើននាក់ ដែលទៅចូលរួមក្លិបដោយមិននិយាយភាសាប្រទេសក្លិបនោះ ប៉ុន្ដែខ្ញុំធ្វើការខុសប្លែកពីនេះ។ ដើម្បីទទួលជ័យជម្នះ មានធាតុផ្សំជាច្រើនរួមចំណែក។ សម្រាប់ខ្ញុំ ខ្ញុំដឹងពីអ្វីដែលខ្ញុំត្រូវការ ដើម្បីឈ្នះ”៕

ប្រភព៖ Goal