Real នៅស្ទាក់ស្ទើរចំពោះអនាគត Kubo ខណៈក្លិបរួមលីគ La Liga បន្ដព្យាយាមតាមទិញ

Real Madrid នឹងធ្វើការសម្រេចចិត្តដ៏សំខាន់មួយ សម្រាប់អនាគតរបស់ កីឡាករ Takefusa Kubo។ កីឡាករជប៉ុនរូបនេះ បានចូលរួមក្លិបអធិរាជស តាំងពីឆ្នាំ២០១៩ បន្ទាប់ពីចាយពេលលេងនៅក្រុមយុវជនរបស់ Barcelona ប៉ុន្ដែមកទល់នឹងពេលនេះ គេមិនទាន់មានឱកាសលេងឱ្យក្រុមធំរបស់ Real នៅឡើយទេ។

បន្ទាប់ពីមកដល់ទឹកដី Santiago Bernabeu ខ្សែប្រយុទ្ធស្លាបវ័យ២១ឆ្នាំរូបនេះ បានចំណាយពេល៣រដូវកាលចុងក្រោយ ដោយត្រូវបានក្លិបដទៃខ្ចីជើង រួមមាន Mallorca, Getafe, Villarreal និង Mallorca ជាថ្មី ក្នុងឆ្នាំ២០២២។

យោងតាមសេចក្ដីរាយការណ៍ពី សារព័ត៌មានអេស្ប៉ាញ AS បានឱ្យដឹងថា ក្លិប Real Sociedad កំពុងសម្លឹងមើលឱកាសក្នុងការនាំយក កីឡាករដ៏មានទេពកោសល្យរូបនេះ មកចូលក្រុមរបស់ពួកគេ ​ប៉ុន្ដែមានពីរក្លិបដែលកំពុងចរចាផ្ទេរកីឡាកររូបនេះដែរ។

La Real ធ្លាប់ព្យាយាមចុះហត្ថលេខាផ្ទេរ Kubo ពីរលើករួចមកហើយ ដោយពួកគេកំពុងបន្ដចង់បានកីឡាកររូបនេះ ប៉ុន្ដែ Real Madrid មិនទាន់មានគម្រោងច្បាស់លាស់នៅឡើយពាក់ព័ន្ធនឹងអនាគតរបស់ខ្សែប្រយុទ្ធជប៉ុន។

លោក Carlo Anceloti ចង់ឱ្យ Kubo ចាកចេញជាមួយកិច្ចសន្យាខ្ចីជើងបន្ដទៀត ក្នុងរដូវកាល ២០២២-២៣ ស្របពេលក្លិបនៅអ៊ីតាលី មានការបើកចំហរផ្លូវសម្រាប់រូបគេ ប៉ុន្ដែ Real Sociedad វិញ ចង់បានកីឡាកររូបនេះ ជាមួយនឹងការចំណាយលុយទិញផ្ដាច់៕

ប្រភព៖ Football Espana