Mbappe ឆ្លើយតបបែបណា ចំពោះការលើកឡើងថាបានលូកដៃលើសម្រេចចិត្តនៅ PSG?

Kylian Mbappe និយាយថាក្លិប Paris Saint-Germain ធំជាងរូបគេ ទោះបីជាខ្សែប្រយុទ្ធរូបនេះ បានបន្ដកុងត្រាជាមួយនឹងប្រាក់ឈ្នួលដ៏ខ្ពស់កប់ពពក រយៈពេល៣ឆ្នាំបន្ដក៏ដោយ។

មានចចាមអារ៉ាមថា ខ្សែប្រយុទ្ធបារាំងរូបនេះ នឹងលូកដៃចូលទៅក្នុងការសម្រេចចិត្តធំៗរបស់ក្លិប ប៉ុន្ដែកីឡាករវ័យ២៣ឆ្នាំ បានចេញមុខបដិសេធ ហើយបានលើកឡើងថា ការនៅបន្ដជាមួយក្លិបបារាំង ដោយសារការអារម្មណ៍ស្រលាញ់ការដឹកនាំនៅក្លិបនេះ។

ម្ចាស់ពាន World Cup 2018 រូបនេះបានថ្លែងប្រាប់ BFMTV ថា៖ “PSG គឺសំខាន់ជាងខ្ញុំ។ ប្រហែលខ្ញុំមិនមានពេលគ្រប់គ្រាន់ ដើម្បីមានមនោសញ្ចេតនាជាមួយអ្នកគាំទ្រ។ ខ្ញុំចង់លេងឱ្យល្អជាមុន ប៉ុន្ដែក្លិបនេះ មានន័យខ្លាំងណាស់សម្រាប់ខ្ញុំ គ្រប់គ្នាបានដឹងហើយ”។

“ខ្ញុំបានត្រឹមចូលរួមគម្រោងនេះ ប៉ុន្ដែមិនមែនគ្រប់គ្រងគម្រោងនេះទេ។ រាល់ការផ្លាស់ប្ដូរទាំងអស់ នឹងកើតមានឡើង, រឿងល្អៗនឹងកើតមានឡើង។ ក្លិបគឺសំខាន់។ វាមិនមែនជាគម្រោងដែលខ្ញុំគ្រប់គ្រងនោះទេ”៕

ប្រភព៖ Goal