អស់ពី Mane ឥឡូវ Liverpool កំពុងត្រៀមលក់ខ្សែប្រយុទ្ធជួរមុខរូបនេះម្នាក់ទៀត ក្នុងតម្លៃ ៦០ លានផោន

ក្លិប​ហង្ស​ក្រហម​ Liverpool ថ្មីៗ​នេះ​ បាន​ប្រកាស​អំពី​ការ​​ចាក​ចេញ​របស់​ខ្សែ​ប្រយុទ្ធ​ឆ្នើម​របស់​ខ្លួន​ ដូច​ជា​ Divock Origi ដែល​នឹង​ត្រូវ​ផ្ទេរ​ចេញ​ដោយ​គ្មាន​តម្លៃ​ខ្លួន​ ហើយ​នឹង​ត្រូវ​ផ្ទេរ​ទៅ​ចូល​រួម​ជាមួយ​ក្រុម​ AC Milan ស្រប​ពេល​ខ្សែ​ប្រយុទ្ធ​ Sadio Mane បាន​សម្រេច​ទៅ​ចូល​រួម​ជាមួយ​ក្រុម​ Bayern Munich នៅ​ក្នុង​តម្លៃ​ខ្លួន​ ៣៥ លាន​ផោន ​។

Mane 

ប៉ុន្តែយ៉ាងណាក៏ដោយ ក្លិប Liverpool ត្រូវបានគេរាយការណ៍ថា មានឆន្ទ:ក្នុងការស្តាប់សំណើផ្តល់ជូនពីសំណាក់ក្លិបដទៃ សម្រាប់ខ្សែប្រយុទ្ធ Mohamed Salah ផងដែរ ដោយនឹងដាក់តម្លៃខ្លួនប្រមាណ ៦០ លានផោន នៅទីផ្សារដោះដូរកីឡាករខាងមុខ ។

គួរឱ្យដឹងថា កីឡាករវ័យ ៣០ ឆ្នាំរូបនេះ បានជាប់គាំង ក្នុងការចរចាលើការបន្តកុងត្រាថ្មី អស់រយ:ពេលជាច្រើនខែមកហើយ រហូតមកដល់ពេលនេះ ការពិភាក្សារវាងភាគីទាំង ២ ហាក់មិនទាន់មានដំណោះស្រាយថ្មីនៅឡើយនោះទេ ។

មិនតែប៉ុណ្ណោះ ដោយមើលឃើញពីស្ថានភាពបែបនេះ ក្លិប Livrpool មិនចង់ប្រថុយបាត់បង់ខ្សែប្រយុទ្ធរូបនេះ ទៅដោយគ្មានតម្លៃខ្លួន នៅទីផ្សារដោះដូរដូវក្តៅឆ្នាំក្រោយនោះឡើយ ជាមួយនឹងការពិចារណាលក់គេចេញ នៅរដូវក្តៅនេះ ។

ហើយលើសពីនេះ​ បើយោងតាមគេហទំព័រ The Sun បានបង្ហាញឱ្យដឹងថា ក្រុម Liverpool ត្រៀមដាក់តម្លៃខ្លួន ៦០ លានផោន សម្រាប់កីឡាករ ដែលបានឈ្នះ PFA Player of the Year រូបនេះ បើទោះបីជាម្ចាស់ក្លិបហង្សក្រហម នឹងមិនអនុញ្ញាតឱ្យ Salah ផ្ទេរទៅចូលរួមជាមួយក្លិបគូប្រជែងនៅក្របខ័ណ្ឌ Premier League ក៏ដោយ ៕

ប្រភព: Sportsmole