ក្លិបមួយនៅអាល្លឺម៉ង់ តបយ៉ាងឡូយ ក្រោយឮថា Mane ជាកីឡាករឆ្នើមបំផុតដែលផ្ទេរមក Bundesliga

ក្លិប Schalke 04 និងអ្នកគាំទ្របាល់ទាត់អាល្លឺម៉ង់ បានតបទៅនឹងការលើកឡើងថា ការចុះហត្ថលេខាផ្ទេរ Sadio Mane មក Bayern Munich ជាការផ្ទេរដ៏ធំបំផុតនៅក្នុងលីគ។

ម្ចាស់ពាន Africa Cup of Nations បានផ្ទេរមក Bayern អំឡុងពេលស្ថិតនៅលំដាប់កំពូលនៃកម្រិតសមត្ថភាពរបស់ខ្លួន ដោយបានចាកចេញពី Liverpool។

ស្របពេលកុងត្រានៅសល់មួយឆ្នាំនៅទឹកដី Anfield, Mane មានតម្លៃតែ៣៥លានផោនប៉ុណ្ណោះ សម្រាប់ការផ្ទេរទៅទឹកដី Allianz Arena ដែលអាចនឹងបាត់បង់ Robert Lewandowski ទៅ Barcelona។

ការនាំយកកីឡាករកម្រិតដូច Mane មកអាល្លឺម៉ង់ គឺជារឿងដែលកម្រមួយ ដែលធ្វើឲ្យប្រព័ន្ធផ្សព្វផ្សាយជាតិ Deutsche Welle ចាត់ទុកថា គេជាកីឡាករដ៏ឆ្នើមបំផុត ដែលបានផ្ទេរមក Bundesliga ប៉ុន្ដែក៏មានការឆ្លើយតបទៅនឹងការលើកឡើងនេះផងដែរ។

Schalke ដែលឡើងមកកាន់លីគកំពូលអាល្លឺម៉ង់ នៅរដូវកាលថ្មី បានឆ្លើយតបយ៉ាងរហ័ស ដោយបានបង្ហោះរូបអតីតខ្សែប្រយុទ្ធអេស្ប៉ាញ Raul ភ្ជាប់ជាមួយពាក្យថា «ការជជែកគ្នាត្រូវបានបញ្ចប់»។

វីរបុរសរបស់ Real Madrid រូបនេះ បានផ្ទេរទៅអាល្លឺម៉ង់ ក្នុងឆ្នាំ២០១០ ហើយបានបង្ហាញសមត្ថភាពយ៉ាងល្អ ដោយរកគ្រាប់បាល់ជាមធ្យមក្នុងមួយប្រកួត ជួយឱ្យពួកគេឈ្នះជើងឯក DFB Pokal និងបានឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Champions League។

ក្រៅពី Raul, អតីតកីឡាករ Real Madrid មួយរូបទៀតគឺ Ruud van Nistelrooy គឺជាកីឡាករម្នាក់ទៀតដែលចាកចេញពីរាជធានីប្រទេសអេស្ប៉ាញ មកអាល្លឺម៉ង់ ពេលដែលលោកបានចូលរួម Hamburg ក្នុងឆ្នាំ២០១០ ក្រោយមកមាន Xabi Alonso ដែលផ្ទេរពី Real មក Bayern។

មានមតិជាច្រើនទៀត បានលើកឡើងពី Arjen Robben ដែលផ្ទេរពី Real មក Bayern ក្រោយចាយពេល១០ឆ្នាំនៅទីនោះ ហើយឈ្នះពាន២០ជាមួយក្លិបអាល្លឺម៉ង់៕

ប្រភព៖ talkSPORT