បើទុកមិនប្រើដដែល Chelsea ត្រៀមប្រើកីឡាកររូបនេះ ដើម្បីទៅប្តូរយក De Ligt ពី Juve វិញ

យោង​តាម​របាយការណ៍​ចុង​ក្រោយ​មួយ​ បាន​បង្ហាញ​ថា​ ក្លិប​តោ​ខៀវ​ Chelsea គ្រោង​នឹង​ប្រើ​ប្រាស់​កីឡាករ​នៅ​ក្នុង​ក្រុម​របស់​ខ្លួន​ម្នាក់​ ដើម្បី​ធ្វើ​ជា​ថ្នូរ​ ដើម្បី​ថ្ពក់​យក​ខ្សែ​ការពារ​កណ្តាល​របស់​ក្លិប​សេះ​បង្កង់​ Juventus កីឡាករ​ Matthijs De Ligt មក​កាន់​ទឹក​ដី​ Stamford Bridge

De Ligt 

ជាក់ស្តែង ក្រុមរបស់គ្រូបង្វឹក លោក Thomas Tuchel មានបំណងចង់ពង្រឹងតំបន់ការពារ នៅក្នុងក្រុមរបស់លោក នៅរដូវកាលក្រោយនេះ នៅចំពេលដែលកីឡាករ De Ligt ត្រូវបានគេរាយការណ៍ចង់ចាកចេញពីក្លិបអ៊ីតាលី ក្រោយពីការចារចាលើកកុងត្រាថ្មី បានជាប់គាំង ។

លើសពីនេះ យោងតាមអ្នកជំនាញផ្នែកទីផ្សាររបស់ Sky Sports Italia លោក Gianluca Di Marzio បានរាយការណ៍ថា ក្រុមតោខៀវ Chelsea កំពុងរៀបចំធ្វើការដេញថ្លៃ ៣៨ លានផោន បូករួមជាមួយនឹងការផ្តល់ជូនខ្សែប្រយុទ្ធ Timo Werner ផងដែរ សម្រាប់នាំយកកីឡាករសញ្ជាតិហូឡង់មកវិញ ។

ទន្ទឹមនឹងនេះ វាត្រូវបានគេរាយការណ៍ទៀតថា កិច្ចព្រមមួយនេះអាចទំនងជាអាចកើតមានឡើង នៅពេលក្លិប Juventus កំពុងចាប់អារម្មណ៍ទៅលើខ្សែប្រយុទ្ធ Werner ផងដែរ បើទោះបីជាកីឡាករសញ្ជាតិអាល្លឺម៉ង់រូបនេះ មានប្រាក់ឈ្នួលដ៏ខ្ពស់មួយ ក៏ដោយ ៕

ប្រភព: AF