Bale រកបានក្លិបថ្មីនៅក្រៅអឺរ៉ុប ក្រោយចែកផ្លូវគ្នាជាមួយ Real Madrid

ប្រធានក្រុមបាល់ទាត់ជម្រើសជាតិវេលស៍ Gareth Bale បានព្រមព្រៀងផ្ទេរទៅចូលរួមក្លិប Los Angeles FC នៃក្របខណ្ឌកំពូលអាមេរិក MLS ដោយមិនមានតម្លៃផ្ទេរ។

ខ្សែប្រយុទ្ធវ័យ៣២ឆ្នាំរូបនេះ បច្ចុប្បន្នជាកីឡាករ free agent បន្ទាប់ពីផុតកុងត្រាជាមួយ Real Madrid ក្រោយចាយពេល៩ឆ្នាំនៅក្លិបអេស្ប៉ាញ ហើយបានជួយពួកគេឈ្នះពានជាច្រើន។

ម្ចាស់ពាន Champions League ៥សម័យរូបនេះ កន្លងមក មានការភ្ជាប់ទៅនឹងអតីតក្លិបរបស់ខ្លួនគឺ Tottenham Hotspur និងក្លិបនៅស្រុកកំណើត Cardiff City។

ក្លិប LAFC មិនទាន់បានប្រកាសជាផ្លូវការចំពោះការផ្ទេរនេះនៅឡើយទេ ប៉ុន្ដែ Bale បានសរសេរនៅក្នុងគណនី Twitter របស់ខ្លួនថា៖ «ជួបគ្នាឆាប់ៗ Los Angeles»។

មានដំណឹងលេចឮថា Bale អាចនឹងបញ្ចប់អាជីពកីឡាករបាល់ទាត់របស់ខ្លួន ប្រសិនបើក្រុមជម្រើសជាតិវេលស៍ មិនអាចឆ្លងផុតវគ្គជម្រុះ World Cup 2022។ ប៉ុន្ដែបន្ទាប់ពីជួយឱ្យក្រុមនេះ ទទួលបានកៅអី World Cup ដោយយកឈ្នះអ៊ុយក្រែន ក្នុងវគ្គផ្ដាច់ព្រ័ត្រ playoff គម្រោងរបស់ Bale ត្រូវបានផ្លាស់ប្ដូរដោយ គេត្រូវការលេងនៅក្នុងការប្រកួត ដើម្បីរក្សាកាយសម្បទាត្រៀមលេង World Cup៕

ប្រភព៖ BBC