Herrera បង្ហើបពីចំណុចពិសេសមួយដែល Mbappe មិនផ្លាស់ទៅ Real ហើយបន្ដនៅ PSG

Ander Herrera បាន​ទម្លាយ​ពីមូលហេតុ​ដែល Kylian Mbappe សម្រេច​ចិត្ត​បន្ដ​លេង​នៅ Paris Saint-Germain។ ខ្សែប្រយុទ្ធ​បារាំង​រូបនេះ ត្រូវបាន​រាយការណ៍​ថា ចង់​ចាកចេញ​ពី​ទឹកដី Parc des Princes នៅពេល​គេ​ផុតកុងត្រា​ជាមួយ PSG ខណៈ Real Madrid ចាប់​អារម្មណ៍។

ទោះបីជាមានសំណើពីក្លិបស្ដេចស ប៉ុន្ដែ Mbappe ចុងក្រោយនៅតែសម្រេចចិត្តលេងបន្ដឱ្យ PSG ដោយបន្ដកុងត្រារយៈពេល៣ឆ្នាំ​បន្ថែមទៀត។

កិច្ចសន្យាថ្មីរបស់ Mbappe ជាមួយ PSG នឹងធ្វើឱ្យគេលេងនៅបារាំងរហូតដល់ឆ្នាំ២០២៥ ហើយអតីតខ្សែប្រយុទ្ធរបស់ Monaco រូបនេះ មានមហិច្ឆតា អំពីទំព័រថ្មីនៃអាជីពរបស់ខ្លួន។

ទោះជា​បាន​បោះបង់​ឱកាស​ចូលរួមក្រុម​ជើងឯក​អឺរ៉ុប​បច្ចុប្បន្ន ប៉ុន្ដែ Mbappe មាន​ទំនុក​ចិត្ត​ថា គេ​អាចឈ្នះ Champions Leaue ជាមួយ PSG ហើយ Herrera ដែល​ជា​មិត្តរួម​ក្រុម មាន​ការគាំទ្រ​ចំពោះ​ការសម្រេចចិត្ត​នេះ។

ខ្សែបម្រើ​អេស្ប៉ាញ បានថ្លែងប្រាប់ AS ថា៖ “នៅ Real Madrid គេអាចក្លាយជាម្នាក់នៅក្នុងចំណោមកីឡាករល្អបំផុតនៅក្នុងប្រវត្ដិសាស្ដ្ររបស់ពួកគេ ជាមួយនឹងសុវត្ថិភាពដែលទៅលេងនៅទីនោះ”។

“ប៉ុន្ដែ​ជាមួយ PSG គេអាច​ក្លាយជាកីឡាករល្អ​បំផុត នៅក្នុងប្រវត្តិសាស្ដ្ររបស់ក្លិប ហើយបង្កើតប្រវត្តិសាស្ដ្រនៅក្នុងទីក្រុងនៃស្រុកកំណើតរបស់គេ។ វាស្រដៀងទៅនឹង Ansu Fati នៅ Barcelona ដែរ។ Barcelona គឺជាជីវិតរបស់គេ ហើយវាដូចគ្នាទៅនឹង Kylian”៕

ប្រភព៖ Football Espana