ក្រោយ​របូត Origi និង Mane ឥឡូវ Liverpool នៅ​មិន​សុខ ហើយ​បាក់​ចិត្ត​លើ​ម្នាក់​នេះ​ជា​ខ្លាំង

ក្លឹប​ហង្ស​ក្រហម Liverpool បាន​បាត់បង់​ខ្សែ​ប្រយុទ្ធ ២ រូប​ហើយ មាន Divock Origi និង Sadio Mane ហើយ​មិន​យូរ​នោះ​ទេ ទំនង​ជា​នឹង​របូត​ផ្លូវការ​នូវ​កីឡាករ Takumi Minamino ឬ​អាច​ជា Mohamed Salah បន្ថែម​ក៏​ថា​បាន។

Mane/Origi

ហេតុ​នេះ​ក្លឹប​ក៏​បាន​សកម្ម​ដូច​គ្នា ក្នុង​ការ​ចរចា​រក​អ្នក​ត្រៀម​មក​បំពេញ ឲ្យ​បាន​ឆាប់​រហ័ស​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ ដ្បិត​យក​បាន​ Darwin Nunez តែ​ក្លឹប​ដឹកនាំ​ដោយ​លោក Jurgen Klopp ជឿ​ថា វា​ហាក់​មិន​ទាន់​គ្រប់គ្រាន់​ឡើយ សម្រាប់​ការ​បំពេញ​ចន្លោះ​នៅ​តំបន់​ជួរ​មុខ។ ឥឡូវ​ចាប់​អារម្មណ៍​បន្ថែម​ទៀត​ទៅ​លើ Rodrygo ជា​សមាជិក​នៅ​ឯ​ក្លឹប​យក្ស​អេស្ប៉ាញ Real Madrid។

តាម​សារព័ត៌មាន El Nacional ចុះ​ផ្សាយ​ថា Liverpool កំពុង​បាក់​ចិត្ត​ទៅ​លើ​គ្រាប់​ពេជ្រ​វ័យ ២១ ឆ្នាំ​ជា​ខ្លាំង ដោយ​ព្រម​នឹង​ចំណាយ​ប្រាក់ ៦០ លាន​អឺរ៉ូ ឲ្យ​តែ​ខាង​ក្លឹប​អាណាព្យាបាល​ស្តេច​ស ព្រម​អនុញ្ញាត​ឲ្យ​កីឡាករ​ចាកចេញ ត្រឹម​ទីផ្សារ​ដោះដូរ​ខាង​មុខ។ តែ​ការ​សម្រេច​ចិត្ត​បែប​ណា របស់​ក្លឹប Real យើង​ក៏​មិន​បាន​ដឹង ដ្បិត​អី​ក្លឹប​ក៏​ខកខាន​ការ​នាំ​យក Kylian Mbappe ជា​គោលដៅ​អាទិភាព​នៅ​រដូវ​ក្តៅ។

Rodrygo
Rodrygo

រំឭក​ថា សុពលភាព​កុងត្រា Rodrygo សេសសល់​ដល់​ចុង​ខែ​មិថុនា ឆ្នាំ ២០២៥ ហើយ​ស្ថិតិ​បង្ហាញ​ខ្លួន ៤៩ ប្រកួត រក​បាន ៩ ​គ្រាប់ និង Assist ១០ លើក។ ក្រៅ​តែ​ពី​កីឡាករ​ខាង​លើ សម្រាប់​ក្លឹប​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង Merseyside ក៏​ចាប់​ចិត្ត​ទៅ​លើ Marco Asensio សមាជិក​នៃ​ក្លឹប Real Madrid មួយ​រូប​ផ្សេង​ទៀត​ផង​ដែរ៕

ប្រភព៖ El Nacional