Enrique ទទូចប្រាប់ក្លិប Liverpool មិនឱ្យចុះកុងត្រាយកកីឡាករ Madrid ម្នាក់ ព្រោះអាចនាំបញ្ហា

ថ្មីៗ​នេះ​ អតីត​ជើង​ចាស់​ លោក​ Jose Enrique បាន​ធ្វើ​ការ​ព្រមាន​ទៅ​កាន់​ក្លិប​ហង្ស​ក្រហម​ Liverpool ជុំ​វិញ​ការ​ចុះហត្ថលេខា​នាំ​យក​កីឡាករ​របស់​ក្លិប​ Real Madrid ម្នាក់ មក​កាន់​ទឹក​ដី​ Anfield នៅ​ទីផ្សារ​ដោះ​ដូរ​កីឡាករ​ នា​រដូវ​ក្តៅ​ខាង​មុខ​នេះ​ ។

Enrique

ជាក់ស្តែង បើយោងតាមរបាយការណ៍ពី Teamtalk បានបង្ហាញនៅមួយរយ:ចុងក្រោយនេះថា ក្លិប Liverpool កំពុងរៀបចំធ្វើការផ្លាស់ប្តូរដ៏ធំមួយ សម្រាប់ខ្សែប្រយុទ្ធឆ្នើមរបស់ក្រុម Madrid កីឡាករ Marco Asensio ដោយកិច្ចសន្យារបស់គេជាមួយក្លិបអេស្ប៉ាញ នឹងត្រូវអស់សពុលភាព នៅចុងខែមិថុនា ឆ្នាំក្រោយ ។

តែទោះជាយ៉ាងណាក៏ដោយ អតីតខ្សែការពារស្លាបឆ្វេងរបស់ក្រុម Liverpool លោក Enrique បានបង្ហាញពីទស្សនរបស់លោក ជុំវិញខ្សែប្រយុទ្ធសញ្ជាតិអេស្ប៉ាញ​ ដោយនិយាយថាគេគឺជាកីឡាករដ៏ល្អ ប៉ុន្តែ ចំពោះការទាមទារប្រាក់ឈ្នួល ក៏ដូចជាតម្រូវការក្នុងការលេងនៅជម្រើសដំបូង អាចជាបញ្ហាសម្រាប់ក្រុមហង្សក្រហម ។

លើសពីនេះ លោក Enrique បាននិយាយនៅលើគណនី Twitter របស់លោកថា ៖ ខ្ញុំគិតថាគាត់ជាកីឡាករដ៏ល្អម្នាក់ ប៉ុន្តែ Liverpool អាចនឹងមានបញ្ហាជាមួយគាត់ ដោយគាត់នឹងមកលេងជាមួយនឹងប្រាក់ឈ្នួលដ៏ខ្ពស់ ហើយវាពិតជាពិបាក នៅក្នុងការចុះហត្ថលេខាលើគាត់ណាស់

ប្រភព: AF