យោងតាមរបាយការណ៍ចុះផ្សាយចុងក្រោយមួយ បានបង្ហាញថា ក្លិបតោខៀវ Chelsea បានដាក់ចេញតម្លៃខ្លួន សម្រាប់កីឡាករគោលដៅធំរបស់ក្លិប Barceloan ២ រូប នៅទីផ្សារដោះដូរកីឡាករ រដូវក្តៅនេះ ។
ជាក់ស្តែង ក្លិប Barcelona ត្រូវបានគេដឹងយ៉ាងច្បាស់ថា បានបង្ហាញចំណាប់អារម្មណ៍ខ្លាំង ក្នុងការចុះហត្ថលេខាលើខ្សែការពារ Cesar Azpilicueta និង Marcos Alonso បន្ទាប់ពីបានយល់ព្រមលើកិច្ចព្រមព្រៀងរួចរាល់ហើយ ជាមួយកីឡាករ Andreas Christensen ផងដែរ ។
មិនតែប៉ុណ្ណោះ បើយោងតាមសារព័ត៌មាន Sport បានបង្ហាញទៀតថា ទាំង Azpilicueta និង Alonso ក៏បានយល់ព្រមលើលក្ខខណ្ឌផ្ទាល់ខ្លួន ជាមួយក្លិប Barcelona ផងដែរ ដោយត្រូវបានគេយល់ថា នឹងអាចបញ្ចប់ការផ្ទេរ នៅសប្តាហ៍ក្រោយ ។
ដោយឡែក ក្លិបអេស្ប៉ាញ នៅតែចង់ទទួលបានសំណើសមរម្យមួយ សម្រាប់កីឡាករទាំង ២ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក្លិប Chelsea ត្រូវបានគេដឹងថា កំពុងទាមទារតម្លៃខ្លួន ១៣ លានផោន សម្រាប់កីឡាករនីមួយៗ នៅទីផ្សារដោះដូរខាងមុខ៕
ប្រភព: Metro