Atletico Madrid យកបានខ្សែបម្រើបែលហ្ស៊ិកមួយរូប ដោយមិនអស់ថ្លៃផ្ទេរ

ក្លិប Atletico Madrid បានប្រកាសពីការចុះហត្ថលេខាផ្ទេរ ខ្សែបម្រើ Axel Witsel ពីក្លិប Borussia Dortmund ដោយពុំមានតម្លៃផ្ទេរ។ កុងត្រារបស់ Witsel បានផុតកំណត់នៅចុងខែមិថុនា បន្ទាប់ពីចាយពេល៤ឆ្នាំនៅ Dortmund ហើយគេបានចុះហត្ថលេខារយៈពេល១ឆ្នាំជាមួយ Atletico។

ក្លិបអធិរាជសក្រហមស ត្រូវបានរាយការណ៍ថា មានបំណងចង់បាន Boubacar Kamara ប៉ុន្ដែពួកគេបានបង្វែរគោលដៅមកខ្សែបម្រើបែលហ្ស៊ិក Witsel វិញ បន្ទាប់ពីកីឡាករបារាំង សម្រេចចិត្តផ្លាស់មកចូលរួម Aston Villa។

Witsel បានបង្ហាញខ្លួន២៩ប្រកួតនៅ Bundesliga កាលពីរដូវកាលមុន ដោយ Dortmund បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ២ ក្នុងតារាង Bundesliga ហើយក៏មានការរំពឹងផងដែរ ពីការចាកចេញរបស់គេ ពីក្លិបអាល្លឺម៉ង់។

លោក Simeone នឹងបង្ហាញក្ដីរំពឹងថា Witsel នឹងជួយពង្រឹងបន្ថែមនៅតំបន់បម្រើ ដែលលេងពុំសូវបានល្អក្នុងរដូវកាលមុន ទើបធ្វើឱ្យ Atletico មិនអាចការពារតំណែងជើងឯកលីគកំពូលអេស្ប៉ាញបាន។

សូមបញ្ជាក់ថា អេស្ប៉ាញជាប្រទេសទី៦ដែល Witsel បានលេងនៅក្នុងអាជីពរបស់ខ្លួន ដោយកន្លងមកគេលេងនៅក្នុង​ប្រទេសកំណើតបែលហ្ស៊ិក​, ព័រទុយហ្កាល់, រុស្ស៊ី, ចិន និងអាល្លឺម៉ង់៕

ប្រភព៖ Live Score