Di Maria ថា​មើល​ឃើញ Juventus ខ្វះ​ចំណុច​នេះ ទើប​ជ្រើស​ផ្ទេរ​មក​ទាំង​មិន​ស្ទាក់ស្ទើរ

Angel di Maria ក្រោយ​ផុត​កុងត្រា​ជាមួយ​ក្លឹប Paris Saint-Germain ឥឡូវ​បាន​ផ្លាស់​មក​ទ្រនំ​ថ្មី នៅ​លក្ខខណ្ឌ​ផ្ទេរ​ឥត​តម្លៃ​ខ្លួន ចុះចូល​នៅ​ក្លឹប​អ៊ីតាលី Juventus។ តាម​ដំណឹង​លឺ​ថា ប្រាក់​ពលកម្ម​របស់​កីឡាករ​អាហ្សង់ទីន មិន​ជា​ច្រើន​ហូរហៀរ​នោះ​ទេ តែ​ការ​មក​សារ​នេះ គឺ​មាន​ឆន្ទៈ​ពិត​ប្រាកដ។

Di Maria

អតីត​ខ្សែ​ប្រយុទ្ធ​ក្លឹប​សេដ្ឋី​បារាំង អះអាង​ថា ដោយសារ​ឃើញ Juventus ធ្លាក់​ទម្រង់​លេង មិន​បាន​ឈ្នះ​ពាន​រង្វាន់ Serie A ជា​ពាន​ធ្លាប់​ឈ្នះ​កាន់​ឆ្នាំ ទើប​ជ្រើស​ការ​ផ្ទេរ​មក​សេះ​បង្កង់​ទាំង​មិន​ស្ទាក់ស្ទើរ។ បញ្ជាក់​ឲ្យ​ដឹង រដូវ​កាល ២០២១/២២ ក្រុម​ដឹកនាំ​ដោយ​លោក Massimilano Allegri ឈរ​លេខ ៤ មាន ៧០ ពិន្ទុ ធៀប​នឹង​ម្ចាស់​ជើង​ឯក AC Milan មាន​ដល់ ៨៦ ពិន្ទុ។

Di Maria និយាយ៖ “នេះ​ជា​ការ​ចាប់ផ្តើម​ដំណើរ​ថ្មី​សម្រាប់​ខ្ញុំ ពិត​ជា​រីករាយ​ណាស់ ចាប់​តាំង​ពី​ថ្ងៃ​ដំបូង ដែល​ខ្ញុំ​ឆ្លើយ​ថា យល់​ព្រម គឺ​ប្រៀប​ដូច​មនុស្ស​នៅ​ទី​នេះ ក្លាយ​ជា​គ្រួសារ​តែ​មួយ ពួក​គេ​ជឿជាក់​មក​លើ​ខ្ញុំ ហើយ​មួយ​ទៀត​ឆ្នាំ​ទៅ ក្លឹប​មិន​បាន​ឈ្នះ​ពាន ដូច្នេះ​វា​ក៏​ជា​ហេតុផល​ជំរុញ​ទឹកចិត្ត​ខ្ញុំ​បន្ថែម​ទៀត​ដែរ”។

Di Maria
Juventus

លោក​បន្ត៖ “ខ្ញុំ​ចង់​ព្យាយាម​ឈ្នះ​គ្រប់​យ៉ាង នៅ​គ្រប់​ទី​កន្លែង​ទាំង​អស់ ដូច្នេះ​ទើប​ខ្ញុំ និយាយ​ថា​យល់​ព្រម នឹង​ការ​ផ្ទេរ​មក​ចុះចូល​នៅ Juventus”។ រំឭក​ឲ្យ​ដឹង​បន្តិច នេះ​ជា​លើក​ដំបូង​ក្នុង​អាជីព Di Maria សម្រាប់​ការ​មក​លេង​ឲ្យ​ក្លឹប​នៅ​អ៊ីតាលី ខណៈ​កន្លង​មក​ធ្លាប់​ហែល​កាត់​តែ​ក្លឹប​នៅ​អង់គ្លេស អាហ្សង់ទីន បារាំង ព័រទុយហ្គាល់ និង​អេស្ប៉ាញ។

ប្រភព៖ BeSoccer