Arsenal ត្រៀមផ្ទេរចូលកីឡាករ Man City ម្នាក់ទៀត ក្រោយយកបាន Gabriel Jesus

ក្លិប Manchester City ត្រូវបានរាយការណ៍ថា កំពុងចរចាជាមួយ Arsenal ដើម្បីផ្ទេរខ្សែការពារស្លាបឆ្វេង Oleksandr Zinchenko ក្នុងតម្លៃសមរមណាមួយ។

Zinchenko មានក្ដីបារម្ភ ប្រសិនបើ Marc Cucurella ផ្លាស់ទៅចូលរួម Man City។ ប្រសិនបើវាអាចកើតមានមែន នោះលទ្ធភាពនៃការទទួលបានឱកាសចូលរួមប្រកួតរបស់គេ នឹងត្រូវបានកាត់បន្ថយ។ ដូច្នេះហើយបានជា កីឡាកររូបនេះចង់ចាកចេញពី Etihad។

ក្លិបកាំភ្លើងធំ Arsenal ត្រូវបានរាយការណ៍ថា កំពុងមានការប្រជែងជាមួយ Chelsea សម្រាប់ការផ្ទេរកីឡាករជម្រើសជាតិអ៊ុយក្រែនរូបនេះ ហើយបើយោងតាមប្រភពពី The Athletic បានឱ្យដឹងថា ការចរចារវាង Arsenal និង Man City បានចាប់ផ្ដើមហើយ។

Arsenal ដឹងថាពួកគេនឹងរបូតឱកាសនាំយក Lisandro Martinez ដែលត្រៀមចូលរួម Manchester United ទើបពួកគេបង្វែរមកផ្ដោតទៅលើ Zinchenko ជំនួសវិញ។

លោក Mikel Arteta ដែលធ្លាប់ធ្វើជាជំនួយការរបស់លោក Pep Guardiola នៅ Man City ត្រូវបានរាយការណ៍ថា បានបញ្ចូលឈ្មោះ Zinchenko ទៅក្នុងបញ្ជីកីឡាករគោលដៅផ្ទេរចូលក្លិបកាំភ្លើងធំ។

បន្ទាប់ពីយកបាន Gabriel Jesus, Arsenal ចង់បានកីឡាករបន្ថែមទៀត។ បច្ចុប្បន្នពួកគេចង់បាន កីឡាករលេងតំណែងការពារស្លាបឆ្វេង ដែលជាជម្រើសចាំបាច់បំផុតមួយ ហើយ Zinchenko អាចក្លាយជាជម្រើសនោះ៕

ប្រភព៖ Be Soccer