មេធំក្លិបកំពូលនៅអឺរ៉ុបមួយ បង្ហើបត្រង់ៗថា De Ligt ចង់ផ្ទេរមកចូលរួម រដូវកាលថ្មី

នាយក​ប្រតិបត្តិ​ក្លិប​ធំ​មួយ​ បាន​អះអាង​ថា​ខ្សែការពារ​ Matthijs de Ligt ​របស់​ក្រុម​សេះ​បង្កង់​ Juventus មាន​បំណង​ចង់​ផ្ទេរ​មក​កាន់​ក្លិប​របស់​ខ្លួន​ នៅ​ពេល​ដែល​ពួក​គេ​កំពុង​ជំរុញ​ឱ្យ​មាន​ការ​ចុះ​ហត្ថលេខា​ដ៏​ធំ​មួយ​ សម្រាប់​តារា​ឆ្នើម​សញ្ជាតិ​ហូឡង់​ នៅ​ទីផ្សារ​រដូវ​ក្តៅ​នេះ​ ។

De ligt

ជាក់ស្តែង លោក Oliver Kahn ដែលជានាយកប្រតិបត្តិរបស់ក្រុម Bayern Munich បានលើកឡើងថា អតីតកីឡាកររបស់ក្រុម Ajax រូបនេះ ចង់បញ្ចប់ការផ្ទេរមកកាន់ក្លិប Bundesliga យូរមកហើយ បន្ទាប់ពីត្រូវបានភ្ចាប់ទំនាក់ទំនង ក្នុងការចាកចេញពីក្លិបអ៊ីតាលី រយ:ពេលប៉ុន្មានសប្តាហ៍មកនេះ ។

មិនតែប៉ុណ្ណោះ លោក Kahn ថែមទាំងបាននិយាយទៀតថា ៖ យើងមាការពិភាក្សាជាច្រើន ហើយខ្សែការពាររូបនេះ ចង់ផ្ទេរមកលេងនៅ Bayern ។ យើងនឹងមានការពិភាក្សាបន្ថែមទៀត ហើយបន្ទាប់ពីនោះ យើងនឹងត្រូវចាំមើលថា វានឹងទៅជាយ៉ាងណា

គួរឱ្យដឹងថា De Ligt មានលក្ខខណ្ឌផ្តាច់កុងត្រាត្រឹមតែជាង ១០០ លានផោនប៉ុណ្ណោះ ប៉ុន្តែ Juventus ត្រូវបានគេរាយការណ៍ថាមានឆន្ទៈក្នុងការពិចារណាលើការផ្តល់ជូនពីសំណាក់ក្លិបដែលចាប់អារម្មណ៍ ចំនួន ៧៦ លានផោនសម្រាប់កីឡាករហូឡង់នៅទីផ្សាររដូវក្តៅនេះ ៕

ប្រភព: AF