Man Utd ត្រៀមឱ្យក្លិបមួយមានកៅអី UCL ខ្ចីជើង Ronaldo មួយរដូវកាល

Cristiano Ronaldo នៅតែមានបំណងចង់ចាកចេញពី Manchester United នៅក្នុងរដូវក្ដៅនេះ។ ខ្សែប្រយុទ្ធព័រទុយហ្កាល់វ័យ៣៧ឆ្នាំ មានការភ្ជាប់ទៅនឹងក្លិបធំៗនៅអឺរ៉ុប ក្រោយបានបង្ហាញតម្រុយថា គេចង់លេងឱ្យក្លិបដែលប្រកួត Champions League ក្នុងរដូវកាល ២០២២-២៣។

មានចចាមអារ៉ាមជាច្រើនបានចុះផ្សាយថា Ronaldo មានការភ្ជាប់ទៅនឹងក្លិប Bayern Munich និង Chelsea ដោយសារក្លិបទាំងពីរនេះ ចង់បានកីឡាករមកជួយពង្រឹងតំបន់ប្រយុទ្ធ។

ដោយឡែកអ្នកចាត់ការរបស់ Man Utd លោក Erik ten Hag បានអះអាងថា លោកនៅតែត្រូវការម្ចាស់អាវលេខ៧រូបនេះប៉ុន្ដែស្ថានភាពហាក់មានភាពស្មុគស្មាញ។

យោងតាមប្រភពពី Daily Mirror បានរាយការណ៍ថា Man Utd មានការបើកចំហរឱ្យ Ronaldo ចាកចេញក្រោមកិច្ចសន្យាខ្ចីជើង ជាមួយលក្ខខណ្ឌ សម្រាប់ខ្សែប្រយុទ្ធបន្ដកុងត្រា១២ខែបន្ថែម។

លក្ខខណ្ឌនេះអាចសម្រួលឱ្យ Ronaldo អាចចូលរួម Champions League ហើយអាចត្រលប់មកលេងឱ្យ Man Utd វិញ នៅរដូវកាល ២០២៣-២៤ ដោយពួកគេរំពឹងថាអាចបានតំណែង Top 4 ក្រោយចប់រដូវកាលថ្មីនេះ។

ហើយប្រភពពី The Times បានអះអាងថា Atletico Madrid ជាក្លិបដែលមានប្រៀបក្នុងការផ្ទេរ Ronaldo ប្រសិនបើពួកគេអាចជំរុញឱ្យ Antoine Griezmann ចាកចេញ៕

ប្រភព៖ Football Espana