Luis Suarez វិលរកទ្រនំចាស់របស់ខ្លួន ក្រោយបញ្ចប់កុងត្រាជាមួយ Atletico Madrid

Luis Suarez បានទំនេរមិនទាន់មានក្លិបចូលរួម អស់រយៈពេល៤សប្ដាហ៍មកហើយ បន្ទាប់ពីផុតកិច្ចសន្យាជាមួយក្លិប Atletico Madrid ប៉ុន្ដែទីបំផុត ខ្សែប្រយុទ្ធចាស់វស្សារូបនេះ បានប្រកាសពីក្លិបដែលគេនឹងចូលរួមនាពេលដ៏ខ្លីខាងមុខនេះ។

ខ្សែប្រយុទ្ធជម្រើសជាតិអ៊ុយរូហ្កាយ ចង់បន្ដប្រកបអាជីពបាល់ទាត់នៅអឺរ៉ុប ប៉ុន្ដែមិនមានសំណើណាមួយដែលត្រូវបានដាក់មកលើតុចរចានោះទេ ហើយកាលពីល្ងាចថ្ងៃអង្គារ Suarez បាននិយាយថា គេអាចនឹងត្រលប់ទៅក្លិប Nacional វិញ។

អតីតសមាជិករបស់ Liverpool រូបនេះ មានឱកាសបង្ហាញខ្លួន៤លើកក្នុងពានរង្វាន់ Copa Libertadores សម្រាប់ Nacional និងរកគ្រាប់បាល់បាន១០គ្រាប់ ក្នុងការបង្ហាញខ្លួនសរុប ២៧ប្រកួត ហើយបានផ្ទេរទៅ Groningen ក្នុងវ័យ១៨ឆ្នាំ។

បន្ទាប់មកគេចាប់ផ្ដើមសាងភាពលេចធ្លោនៅក្នុងក្របខណ្ឌ Eredivisie ជាមួយក្លិប Ajax មុនបន្ដលេងនៅ Liverpool ហើយក្រោយមកក៏បានផ្លាស់ទៅ Barcelona និង Atletico Madrid។

ហើយគេបានរួមចំណែកជួយឱ្យ Atletico ឈ្នះជើងឯក La Liga ក្នុងរដូវកាលដំបូងដែលគេបានចូលរួម ដោយរួមចំណែករកគ្រាប់បាល់២១គ្រាប់នៅក្នុងលីគ៕

ប្រភព៖ Football Espana