អ្នកចាត់ការក្រុម Manchester United លោក Erik ten Hag បានបង្ហាញការសោកស្តាយ ជុំវិញការសម្រេចចិត្តរបស់លោក នៅក្នុងការប្រកួតបើកឆាកក្របខ័ណ្ឌ Premier League ទល់នឹងក្រុម Brighton & Hove Albion កាលពីយប់មិញ ដោយក្រុមរបស់លោក បានរងការបរាជ័យ ក្នុងលទ្ធផល ២–១ នៅឯទឹកដី Old Trafford របស់ខ្លួន ។

នៅក្នុងការប្រកួតនោះផងដែរ លោក Ten Hag បានសម្រេចចិត្តដាក់ខ្សែប្រយុទ្ធឆ្នើម Cristinao Ronaldo ឱ្យអង្គុយនៅកៅអីបម្រុង បន្ទាប់ពីកីឡាករសញ្ជាតិព័រទុយហ្គាល់ មិនបានចូលរួមពេញលេញ សម្រាប់ការប្រកួតមិត្តភាព មុនបើករដូវកាល ។
ដោយឡែកគ្រូបង្វឹកសញ្ជាតិហូឡង់រូបនេះ បានដាក់កីឡាករចំណូលថ្មី Christian Eriksen នៅក្នុងតំណែងជាខ្សែប្រយុទ្ធមិនពេញតួ ឱ្យចាប់ដៃគូរួមជាមួយកីឡាករ Marcus Rashford និង Jadon Sancho ជំនួសវិញ ។
មិនតែប៉ុណ្ណោះ Ronaldo ត្រូវបានប្តូរចូល បន្ទាប់ពីលេងបាន ៥៣ នាទី និងបានមើលឃើញថាគេមានឥទ្ធិពលយ៉ាងខ្លាំង លើប្រព័ន្ធប្រយុទ្ធរបស់ក្រុម ស្របពេលលោក Ten Hag បង្ហាញពីភាពសោកស្តាយជុំវិញការសម្រេចចិត្តរបស់លោក ដែលមិនបានដាក់ម្ចាស់ពាន Ballon d’Or ប្រាំសម័យ ឱ្យចូលលេងតាំងពីដំបូង ។
លើសពីនេះ ដោយថ្លែងក្រោយបញ្ចប់ការប្រកួត លោក Ten Hag និយាយថា ៖ “វាច្បាស់ណាស់ យើងមើលឃើញថានៅក្នុងតង់ទី ២ យើងកាន់តែប្រសើរឡើង ជាមួយនឹងការដាក់ Ronaldo ឱ្យចូលលេង។ ហើយយើងក៏ខកចិត្តចំពោះ Rashford ដែលមានឱកាសដល់ទៅ ២ លើក តែមិនបានអាចរកគ្រាប់បាល់បញ្ចូលទីបាន ” ៕
ប្រភព: Sportskeeda