Isco ធ្លាប់ស្ថិតនៅក្នុងរ៉ាដារបស់គ្រូបង្វឹកក្រុមកំពូលនៅ PL មួយនេះ មុនគេយល់ព្រមដើរចូល Sevilla

នៅ​ទី​បំផុត​ ក្លិប​ Sevilla បាន​ធ្វើ​ការ​បញ្ជាក់​ជា​ផ្លូវ​ការ​ចំពោះ​ការ​ចុះ​ហត្ថ​លេខា​នាំ​យក​ ខ្សែ​បម្រើ​ Isco Alarcon បន្ទាប់​ពី​កីឡាករ​វ័យ​ ៣០ ឆ្នាំ​រូប​នេះ​ បាន​ចំណាយ​ពេល​ជិត​ ៦ សប្តាហ៍​ នៅ​ក្នុង​នាម​ជា​កីឡាករ​គ្មាន​តម្លៃ​ខ្លួន​ ក្រោយ​ផុត​កុង​ត្រា​ជាមួយ​ក្លិប​ Real Madrid

Isco Alarcon 

ជាក់ស្តែង ការផ្ទេរនេះ នឹងឃើញ Isco វិលទៅជួបជុំជាមួយគ្រូបង្វឹកលោក Julen Lopetegui វិញ បន្ទាប់ពីអ្នកទាំង ២ ធ្លាប់មានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ ទាំងនៅក្នុងក្រុមជម្រើសជាតិអេស្ប៉ាញ និងក្រុម Real Madrid

ប៉ុន្តែអំឡុងចំណាយពេលជាមួយក្រុម Los Blancos កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះ ត្រូវបានគេដឹងថាធ្លាប់ជាគោលដៅដ៏មាន​សក្តានុពល​ របស់ក្រុម Manchester City ។ នេះបើយោងតាមអ្នកកាសែតល្បីឈ្មោះ លោក Fabrizio Romano ដែលបានពន្យល់ថា គ្រូបង្វឹក លោក Pep Guardiola មានការចាប់អារម្មណ៍យ៉ាងខ្លាំងលើខ្សែបម្រើរូបនេះ ។

លើសពីនេះ លោក Romano បាននិយាយថា ៖ “ខ្ញុំអាចបង្ហាញថា Isco ធ្លាប់ស្ថិតនៅក្នុងបញ្ជីរបស់លោក Pep Guardiola នៅ Manchester City ជាងបីឆ្នាំមុន។ City បាន​ពិចារណា​ពី​លទ្ធភាព​នេះ ប៉ុន្តែពេលនោះ Isco ត្រូវបានក្លិប Real Madrid ចាត់ទុកគេថា ជាកីឡាករមិនអាចប៉ះពាល់បានឡើយ

ប្រភព: Football-Espana