Juve ចង់ទាញយកកូនក្រុមរបស់លោក Ten Hag ម្នាក់ ចំពេល Rabiot កំពុងចរចាផ្ទេរទៅ Man Utd

យោង​តាម​របាយ​ការណ៍​ចុង​ក្រោយ​មួយ​ បាន​បង្ហាញ​ថា​ក្លិប​សេះ​បង្កង់​ កំពុង​សម្លឹង​ចង់​បាន​កូន​ក្រុម​របស់​គ្រូ​បង្វឹក​លោក​ Erik ten Hag ម្នាក់​ នៅ​ចំ​ពេល​ក្លិប​បិសាច​ក្រហម​ Manchester United កំពុង​ស្ថិត​នៅ​ក្នុង​ការ​ពិភាក្សា​ ដើម្បី​ចុះ​ហត្ថលេខា​លើ​ខ្សែ​បម្រើ​ Adrien Rabiot ពី​ក្លិប​អ៊ីតាលី​ ។

Adrien Rabiot

នៅមួយរយ:ពេលកន្លងមកនេះ​ ក្លិប Man Utd ហាក់ជួបប្រទះបញ្ហាស្មុគស្មាញយ៉ាងខ្លាំង ដើម្បីចុះហត្ថលេខាលើ Frenkie de Jong ពីក្រុម Barcelona ដែលជាហេតុធ្វើឱ្យពួកគេ ងាកមកចាប់អារម្មណ៍លើ កីឡាករ Rabiot ជំនួសវិញ ស្របពេលភាគីអ៊ីតាលី រីករាយនឹងទទួលយកសំណើរ ១៥ លានផោន ពីក្រុមអង់គ្លេស ។

តែទោះជាយ៉ាងណាក៏ដោយ បើយោងតាមអ្នកកាសែត Gianluca Di Marzio របស់ Sky Sport Italia បានបង្ហាញថា កិច្ចព្រមព្រៀងនេះកំពុងតែមានភាពជាប់គាំង នៅពេលក្លិប Juve សង្ឃឹមថានឹងជំនួសតំណែងរបស់ Rabiot ជាមួយកីឡាករ Leandro Paredes របស់ PSG វិញ ។

មិនតែប៉ុណ្ណោះ ក្រុម Serie A កំពុងស្វែងរកជម្រើសខ្សែប្រយុទ្ធថ្មី ដើម្បីមកលេងអមជើងជាមួយកីឡាករ Dusan Vlahovic ផងដែរ ដោយពួកគេបានជ្រើសរើសយកតារឆ្នើមរបស់ក្រុម Man Utd គឺកីឡាករ Anthony Martial

Juve ត្រូវបានគេដឹងថាជាអ្នកកោតសរសើររបស់ Martial ជាយូរមកហើយ បើទោះបីជាបច្ចុប្បន្នពួកគេក៏កំពុងស្វែងរកកិច្ចព្រមព្រៀងដ៏មានសក្តានុពលមួយ សម្រាប់ខ្សែប្រយុទ្ធ Memphis Depay របស់ Barcelona ដែរក៏ដោយ៕

ប្រភព: Metro