អត់​ចាំ​យូរ​ទេ Real Madrid ងាក​ទៅ​ចរចា​ម្នាក់​នេះ​ភ្លែត ត្រៀម​យក​មក​ជំនួស Casemiro

ក្លឹប​អធិរាជ​ស Real Madrid បាន​បើក​ចិត្ត ព្រម​លក់​ចេញ Casemiro ទៅ​ហើយ ដោយ​ដំណើរការ​សម្រេច​ផ្ទេរ​ចូល Man Utd ទំនង​ប្រកាស​នៅ​ពេល​យ៉ាង​យូរ ២៤ ម៉ោង​ទៀត។ ទន្ទឹម​ការ​ចាកចេញ​របស់​ខ្សែ​បម្រើ​ការពារ​សញ្ជាតិ​ប្រេស៊ីល ក៏​នាំ​ឲ្យ​ក្លឹប​អេស្ប៉ាញ​គិត​នឹង​យក​អ្នក​ថ្មី​មក​ជំនួស ហើយ​ក៏​មិន​អែអង់​ឲ្យ​ផុត​ទីផ្សារ​ដោះដូរ​សារ​នេះ​ដែរ។

Casesmiro

ខាង​ក្លឹប​ស្ថិត​ក្នុង​ទីក្រុង Madrid បាន​ដាក់​គោលដៅ​ទៅ​កាន់​កីឡាករ​ Bruno Guimaraes របស់​ក្លឹប​ Newcastle United ភ្លែត ពោល​ជា​គោលដៅ​អាទិភាព ចង់​សម្រេច​ការ​នាំ​យក​មុន​ថ្ងៃ​ទី ៣១ សីហា​ខាង​មុខ។ បុរស​វ័យ ២៤ ឆ្នាំ ទើប​តែ​មក​ចុះចូល​នៅ​សារិកា​ព្រៃ កាល​ពី​ខែ​មករា ក្នុង​តម្លៃ​ផ្ទេរ ៤០ លាន​ផោន ហើយ​បង្ហាញ​ខ្លួន ១៩ ប្រកួត ក៏​រក​បាន ៥ គ្រាប់​ឲ្យ​ក្លឹប។

បើ​តាម​សារព័ត៌មាន Dario AS ចុះ​ផ្សាយ​ថា ក្លឹប​ដឹកនាំ​ដោយ​អ្នកចាត់ការ​លោក Carlo Ancelotti កំពុង​តែ​ដុ.ត​ដៃ​ដុ.ត​ជើង ចង់​ចរចា​យក​កីឡាករ​ប្រេស៊ីល​ចេញ​ពី Newcastle ឲ្យ​បាន​ឆាប់។ នេះ​លក់ Casemiro បាន​ប្រាក់​ប្រហែល ៥០ ទៅ ៦០ លាន​ផោន ក៏​ត្រូវ​បង្វែរ​មក​ចាត់ចែង​យក Guimaraes វិញ​នៅ​តម្លៃ​ប្រហែល ៣៥ លាន ទៅ ៤៥ លាន​ផោន​ប៉ុណ្ណោះ​ឯង។

Guimaraes
Guimaraes

យ៉ាង​ណា​បើ​យក​កីឡាករ​ខាង​លើ​មិន​បាន ក៏ Real នៅ​តែ​មាន​ជម្រើស​កីឡាករ​ប្រើប្រាស់​ក្នុង​ដៃ​ជា​ច្រើន​ដែរ ជាក់ស្តែង​ដូច​ Aurelien Tchouameni ដែល​ក្លឹប​ទើប​តែ​យក​បាន​កាល​ពី​ប៉ុន្មាន​ខែ​មុន។ បញ្ជាក់​ថា ប្រកួត​បើក​រដូវ​កាល​កន្លង​ទៅ Madrid បាន​យក​ឈ្នះ ២-១ នា​ជុំ​ដំបូង ហើយ​ត្រៀម​ទៅ​ប៉ះ Celta Vigo នៅ​ថ្ងៃ​អាទិត្យ​ខាង​មុខ៕

ប្រភព៖ Dario AS