អត់​ចាប់​អារម្មណ៍​ Sporting ទេ ផ្ទុយ​ទៅ​វិញ Ronaldo មាន​កូន​ចិត្ត​ចង់​ទៅ​ក្លឹប​ថ្មី​នេះ​ជាង

បើ​ទោះ​បី​ក្លឹប Sporting Lisbon ជា​អតីត​ក្លឹប​ចាស់ ព្យាយាម​ចង់​បាន Cristiano Ronaldo ជា​លើក​ទី ២ តែ​កីឡាករ​ហាក់​មិន​ទាន់​គិតគូរ​នឹង​វិល​ទៅ​ទី​នោះ​ឡើយ ផ្ទុយ​ទៅ​វិញ​បាន​មាន​កូន​ចិត្ត​ជាមួយ​ក្លឹប​ដទៃ​ទៀត នៅ​លីគ​កំពូល​ទាំង ៥ ដដែល ប្រសិន​ត្រូវ​ឈាន​ដល់​ការ​ចាកចេញ​ពី Manchester United នា​ពេល​ដ៏​ខ្លី​ខាង​មុខ។

Ronaldo

តាម​សារព័ត៌មាន Bild ចុះ​ផ្សាយ​ថា កីឡាករ​ព័រទុយហ្គាល់ បាន​ជ្រើស​យក​ក្លឹប Borussia Dortmund ជា​ទ្រនំ​បន្ទាប់ ប្រសិន​ជា​ចរចា​លក្ខខណ្ឌ​ចាកចេញ​ត្រូវរ៉ូវ​ជាមួយ​ក្លឹប​អាណាព្យាបាល។ មូលហេតុ​ក៏​ដោយសារ​ចង់​វិវត្ត​ខ្លួន​ទៅ​កាន់​លីគ​ថ្មី និង​បាន​លេង​ទាំង Champions League ផង​ដែរ។ បញ្ជាក់ Dortmund រដូវ​កាល​ចាស់​ឈរ​លេខ ២ នៅ​ក្របខ័ណ្ឌ Bundesliga។

យ៉ាង​ណា​យើង​មិន​ទាន់​ច្បាស់​ថា ដំណើរការ​ចរចា​នឹង​មាន​ភាគរយ​សម្រេច​ទៅ​បាន​ឬ​បែប​ណា​ទេ ដោយ​ត្រង់​ថា ត្រឹម​ពាក់ព័ន្ធ​នឹង​តម្លៃ​ផ្ទេរ គឺ​មិន​ជា​បញ្ហា​អ្វី​ឡើយ តែ​ត្រង់​តម្លៃ​ពលកម្ម ពី​មុន​មក Dortmund មិន​ធ្លាប់​ចាយ​ធំ ផ្តល់​ឲ្យ​កីឡាករ​លើស ២០០ ០០០ អឺរ៉ូ/សប្តាហ៍។

Ronaldo
Ronaldo

គ្រាន់​លេចលឺ​ព័ត៌មាន​ពេល​ចុង​ក្រោយ និយាយ​អំពី​ផល​ចំណេញ​របស់​ក្លឹប​វិញ ក៏​ដូច​តែ​បណ្តា​ក្លឹប​មុនៗ ក្រោយ​តែ​កើត​មាន​ចចាមអារ៉ាម​នេះ កាន់​តែ​ធ្វើ​ឲ្យ​តម្លៃ​ទីផ្សារ​ហ៊ុន​របស់ Dortmund បាន​មាន​ការ​កើន​ឡើង ដោយ​ឡើង​ពី ៤ អឺរ៉ូ មក​ទល់​ជាង ៤,៤០ អឺរ៉ូ​ក្នុង​មួយ​ភាគហ៊ុន ទាំង​ដែល​ព័ត៌មាន​ការ​ផ្ទេរ​ចូល Ronaldo មិន​ទាន់​ជា​ផ្លូវការ​ផង​នោះ៕

ប្រភព៖ Bild