Spurs ចាប់អារម្មណ៍អតីតកីឡាករ Man Utd ម្នាក់ដើម្បីបន្ថែមជម្រើសតំបន់ប្រយុទ្ធ

ក្លិប Tottenham Hotspur មានការភ្ជាប់យ៉ាងភ្ញាក់ផ្អើលទៅនឹង អតីតខ្សែប្រយុទ្ធស្លាបម្នាក់របស់ Manchester United នៅក្នុងទីផ្សារដោះដូររដូវក្ដៅនេះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោងតាមប្រភពពី Daily Mail បានរាយការណ៍ថា ខ្សែប្រយុទ្ធជម្រើសជាតិវេលស៍ Daniel James ជាកីឡាករគោលដៅដែលនឹងផ្លាស់មកក្លិបមាន់ខ្នាយមាស ដើម្បីជំនួស Bryan Gil ដែលត្រៀមផ្ទេរទៅក្លិបអេស្ប៉ាញ Valencia ក្រោមកិច្ចសន្យាខ្ចីជើង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Gil បានចូលរួម Spurs ក្នុងរដូវក្ដៅឆ្នាំ២០២១ ជាថ្នូរនៃការផ្ទេរ ខ្សែបម្រើ Erik Lamela ទៅ Sevilla ប៉ុន្ដែបន្ទាប់ពីបានបង្ហាញខ្លួនបាន២០ប្រកួតនៅក្លិបដែលមានមូលដ្ឋានក្នុងទីក្រុងឡុងដ៍ ខ្សែប្រយុទ្ធវ័យ២១ឆ្នាំរូបនេះ ត្រូវបានដាក់ឱ្យក្លិបប្រចៀវខ្មៅ Valencia ខ្ចីជើងនៅពាក់កណ្ដាលរដូវកាលមុន ហើយនឹងបន្ដលេងនៅក្លិបអេស្ប៉ាញមួយនេះមួយរដូវកាលទៀត។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយ James ដែលបច្ចុប្បន្នកំពុងលេងឱ្យ Leeds United អាចជាកីឡាករគោលដៅចម្បងសម្រាប់ក្រុមលោក Antonio Conte មុនពេលទីផ្សារដោះដូររដូវក្ដៅនេះបិទដំណើរការ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កីឡាករវ័យ២៤ឆ្នាំរូបនេះ បានចូលរួម Leeds នៅរដូវក្ដៅឆ្នាំមុនក្រោយចាយពេលពីរឆ្នាំនៅ Man Utd ដោយទទួលបានឱកាសបង្ហាញខ្លួន៧៤ប្រកួត៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ talkSPORT​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​