ក្លឹប​កំពុង​ឡើង​ជើង​នៅ Serie A មួយ ហាក់​បើក​ផ្លូវ​ចង់​ទទួល​យក Ronaldo

ជា​ការ​ពិត​នៅ​ពេល​ចុង​ក្រោយ បើ​តាម​ចចាមអារ៉ាម​ជា​ច្រើន ល្ហិចល្ហៀង​ក្លឹប​ធំៗ ពិបាក​នឹង​ឆ្លើយ “Yes” ទៅ​កាន់ Cristiano Ronaldo ក៏​ដោយសារ​តែ​ទាមទារ​ការ​ចំណាយ​ក្រាស់​លើ​ប្រាក់​ឈ្នួល ជួន​ពេល​កត្តា​អាយុ​របស់​បុរស​សញ្ជាតិ​ព័រទុយហ្គាល់ ក៏​ហៀរ​ចូល​វ័យ ៣៧ ឆ្នាំ​ទៅ​ហើយ។

Ronaldo

យ៉ាង​ណា​ថ្មីៗ​ងាក​មក​ក្លឹប​កំពុង​ឡើង​កូដ​នៅ Serie A គឺ Udinese ​ហាក់​មាន​ចេតនា បង្ហាញ​ពី​ចំណាប់​អារម្មណ៍​ចង់​បាន CR7 មក​ចូលរួម​នៅ​លីគ​កំពូល​អ៊ីតាលី​ជា​ថ្មី។ អតីតកាល Ronaldo ធ្លាប់​លេង​នៅ Juventus បាន ៣ ឆ្នាំ​ដែរ មុន​ជ្រើស​ការ​ផ្ទេរ​មក​ក្លឹប Man Utd នៅ​ឯ​ទឹកដី​អង់គ្លេស។

ងាក​ទៅ​ការ​បង្ហោះ​មួយ​របស់​សារព័ត៌មាន DAZN ក៏​ស្រាប់​តែ​រំលេច​គណនី​ផ្លូវការ​របស់​អ្នកចាំទី​ក្លឹប Udinese កីឡាករ Marco Silvestri ថា៖ “Cristiano មក​ចូលរួម​ជាមួយ​ពួក​យើង​នៅ Udinese មក”។ អ្វី​ដែល​អស្ចារ្យ​បំផុត​គឺ​គណនី​ផ្លូវការ​ក្លឹប ក៏​បាន​បង្ហោះ​រូប​នោះ ហើយ​ថែម​ទាំង Mention ឈ្មោះ Cristiano ចំៗ​ថែម​ទៀត។

ការបង្ហោះរបស់ Udinese
Ronaldo

យើង​ទៅ​មើល​ចំណាត់ថ្នាក់​នៅ Serie A បន្តិច ក្លឹប Udinese កំពុង​រីករាយ​នឹង​រដូវ​កាល​ថ្មី ដោយ ៧ ប្រកួត ឈ្នះ ៥ ស្មើ ១ ចាញ់ ១ ឥឡូវ​ឈរ​លេខ ៣ មាន ១៦ ពិន្ទុ ចាញ់​ក្លឹប​ឈរ​កំពូល​តារាង Atalanta និង Napoli តែ ១ ពិន្ទុ​គត់។ ងាក​ទៅ​អតីត​ក្លឹប​ចាស់ Juventus របស់ Ronaldo ខ្ទាត​ឆ្ងាយ ដល់​លេខ ៨ បាត់​ទៅ​ហើយ៕

ប្រភព៖ BeSoccer