R.Madrid គ្រោងកោះហៅតារាឆ្នើមម្នាក់ មកកាន់ក្លិបវិញ ដើម្បីមកទុកជំនួសតំណែង Asensio

ក្លិប​អធិរាជស​ Real Madrid ថ្មីៗ​នេះ​ ត្រូវ​បាន​គេ​រាយ​ការណ៍​មក​ថា​ បាន​ត្រៀម​ខ្លួន​រួច​ស្រេច​ហើយ​ ក្នុង​ការ​នាំ​យក​តារា​ឆ្នើម​របស់​ខ្លួន​ម្នាក់​ ដែល​កំពុង​ដាក់​ឱ្យ​ក្លិប​នៅ​អ៊ីតាលី​ខ្ចី​ជើង​ ត្រលប់​មក​កាន់​ទឹក​ដី​អេស្ប៉ាញ​វិញ​ ដើម្បី​ទុក​ជំនួស​តំណែង​របស់​កីឡាករ​ Marco Asensio ដែល​អាច​ចាក​ចេញ​ ។

Marco Asensio 

ពិតណាស់ Asensio ត្រូវបានភ្ជាប់ទំនាក់ទំនងយ៉ាងខ្លាំង ជាមួយនឹងការចាកចេញពីក្លិប Madrid នៅអំឡុងទីផ្សារដោះដូរកីឡាករ រដូវក្តៅកន្លងទៅ ដោយសារតែកុងត្រាបច្ចុប្បន្នរបស់គេ នៅសល់ត្រឹមតែមួយឆ្នាំទៀតប៉ុណ្ណោះ ។

ហើយដោយបានមើលឃើញពីស្ថានភាពបែបនេះហើយ ទើបរបាយការណ៍មួយ នៅក្នុងប្រទេសអេស្ប៉ាញ បានរាយការណ៍ឱ្យដឹងថាក្លិបប R.Madrid កំពុងមានជម្រើសនៅក្នុងចិត្តរួចស្រេចហើយ ជាមួយនឹងការនាំយក Brahim Diaz ត្រលប់មកកាន់ក្លិបវិញ ប្រសិនបើ Asensio ជ្រើសរើសយកការចាកចេញ ដោយគ្មានតម្លៃខ្លួន នៅរដូវក្តៅឆ្នាំក្រោយនោះ ។

គួរឱ្យដឹងថា Diaz ដែលធ្លាប់បានចំណាយពេលលេងឱ្យក្លិប La Liga នៅចន្លោះខែមករា ឆ្នាំ ២០១៩ ដល់ខែកញ្ញា ឆ្នាំ ២០២១ នោះ បច្ចុប្បន្នកំពុងតែបង្ហាញភាពលេចធ្លោ នៅឯក្លិប AC Milan ក្រោមលក្ខខណ្ឌខ្ចីជើងពីក្រុម Madrid

លើសពីនេះ ក្នុងរយៈពេលពីររដូវកាលកន្លងមក កីឡាករវ័យ ២៣ ឆ្នាំរូបនេះ បានចូលរួមចំណែករកបាន ១២ គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន ៩ លើកមកហើយ ក្នុងការបង្ហាញខ្លួន ៨៦ ប្រកួត សម្រាប់ក្លឹបយក្សអ៊ីតាលី និងថែមទាំងបានជួយក្លិបនេះឈ្នះពាន Serie A កាលពីរដូវកាលមុនផងដែរ ៕

ប្រភព: Sporsmole