Man City ចង់​ប្រើ​ក្បាច់​នេះ ដើម្បី​ឲ្យ Haaland បន្ត​កុងត្រា​ថ្មី ក្រោយ​លឺ​ក្លឹប​ធំៗ​ចង់​បាន

បើ​ទោះ​បី​សេសសល់​កុងត្រា​ដល់​ចុង​ខែ​មិថុនា ឆ្នាំ ២០២៧ តែ​យ៉ាង​ណា​ក្លឹប​មេឃ​ខៀវ Manchester City ហាក់​នៅ​តែ​ចង់​បន្ត​កុងត្រា​ថ្មី ឲ្យ Erling Haaland បន្ទាប់​លេចលឺ​ក្លឹប​ធំៗ​ដទៃ​ព្យាយាម​ចង់​បាន។ ប្រសិន​កីឡាករ​ព្រម​ចុះ​ហត្ថលេខា​នោះ​តម្លៃ​ខ្លួន​ក៏​នឹង​កើន​ឡើង ដែល​មាន​ន័យ​ថា​បណ្តា​ក្លឹប​ខាង​ក្រៅ ពិត​ជា​ពិបាក​នឹង​ចរចា​ក្នុង​ការ​នាំ​យក។

Haaland

​បច្ចុប្បន្ន​យុវជន​សញ្ជាតិ​ន័រវេស រក​បាន ១១ គ្រាប់​នៅ ៦ ប្រកួត​ក្របខ័ណ្ឌ Premier League ហើយ​រាត្រី​នេះ គេ​ទទួល​ភារកិច្ច​ធំ ត្រៀម​តតាំង​ក្លឹប Manchester United នៅ​ឯ​កីឡដ្ឋាន Etihad ជា​ប្រកួត​ Manchester Derbyជុំ​ទី ១ ក្នុង​ក្របខ័ណ្ឌ Premier League។ បើ​រក​បាន ៣ គ្រាប់ នោះ​គេ​នឹង​ក្លាយ​ជា​កីឡាករ​ដំបូង អាច​រក​បាន Hat-trick ៣ ប្រកួត​ជាប់​ក្នុង​ដី ជា​លើក​ដំបូង​ទៀត​ផង។

សព្វថ្ងៃ​នេះ កីឡាករ​វ័យ ២២ ឆ្នាំ រក​បាន​ចំណូល​ចូល​ហោប៉ៅ ៣៧៥ ០០០ ផោន/សប្ដាហ៍ ពី​ក្លឹប Man City ដែល​រាប់​ជា​កីឡាករ​ស៊ី​ថ្លៃ​បំផុត​មួយ ស្មើ​ទំហំ​ប្រាក់​ចំណូល​របស់ Kevin de Bruyne។ យ៉ាង​ណា City ចង់​ប៉ះប៉ូវ​បន្ថែម​ទៀត​ឲ្យ​កីឡាករ តាម​រយៈ​ការ​បន្ត​កុងត្រា​ថ្មី ដោយ​មិន​បន្ថែម​ប្រាក់​ឈ្នួល​អ្វី​ទេ តែ​ចង់​បន្ថែម​ប្រាក់​លើ​កិច្ច​ព្រមព្រៀង​ឧបត្ថម្ភ​នានា ដូច​លក្ខខណ្ឌ​នៃ​ការ​រក​គ្រាប់​បាល់ លក្ខខណ្ឌ​ឈ្នះ​ពាន​បុគ្គល​អ្វី​ជា​ដើម។

Haaland
Haaland

យើង​ក៏​មិន​ច្បាស់​ថា សាមី​ខ្លួន​នឹង​យល់​ព្រម​ឬ​អត់​ដែរ ដ្បិត​អី​ឪពុក​បង្កើត​របស់​កីឡាករ ហាក់​ឲ្យ​តម្រុយ​ជា​មុន ថា​កូន​ប្រុស​ខ្លួន​ឈរ​ជើង​ឲ្យ City ត្រឹម ៤ ឆ្នាំ​អី​ប៉ុណ្ណោះ​ឯង នឹង​ជ្រើស​យក​ការ​ចាកចេញ​ទៅ​លីគ​ដទៃ​ហើយ ពោល​ចង់​លេង​ឲ្យ​គ្រប់​លីគ​កំពូល​ទាំង​អស់​នៅ​អឺរ៉ុប ដូច្នេះ​ភាគរយ​ខ្ពស់ អាច​ទ្រនំ​បន្ទាប់​នៅ La Liga, Ligue 1 ឬ Serie A៕

ប្រភព៖ Daily Star