ចប់ពីការចាញ់ ៣-៦ ទល់ម្ចាស់ផ្ទះ Man City បន្តទៅប្រកួតបន្ទាប់ United នឹងត្រូវលេងទល់ក្លឹប Omonia ក្នុងក្របខ័ណ្ឌ UEFA Europa League មុនវិលមក PL ជាថ្មី តតាំងក្លឹប Everton នាវេលាម៉ោង ០១:០០ នាទីយប់ ថ្ងៃទី ១០ តុលា ជាប្រកួតជុំទី ៨ សម្រាប់ពួកគេ។

ទោះជាយ៉ាងណា តំបន់ការពារក្រោមអាចនឹងមានការប្រែប្រួលខុសពីយប់មិញ ដោយលោក Erik ten Hag អាចនឹងត្រូវប្រើប្រាស់ Harry Maguire ជាថ្មី ក៏ព្រោះតែ Raphael Varane ជួបបញ្ហារបួសកាលពីយប់មិញ។ តាមស្ថានភាពគេត្រូវពិនិត្យបញ្ហាកជើង ដែលអាចនឹងឆ្លងកាត់ការសម្រាករយៈពេលយូរ នាំឲ្យខកខានប៉ុន្មានប្រកួតពេលបន្ទាប់។
បើតាមសារព័ត៌មាន L’Equipe ចុះផ្សាយថា នៅថ្ងៃចន្ទនេះ កីឡាករបារាំងនឹងឆ្លងកាត់ការត្រួតពិនិត្យ ដើម្បីវាយតម្លៃច្បាស់ការអំពីពេលវេលាសម្រាក តែយ៉ាងណាការជាប់ជម្រើសដំបូង ជាមួយ Lisandor Martinez ប្រាកដណាស់នឹងត្រូវបានចុះថយ។ បើទោះបី Harry Maguire របួស ត្រឹមអង្គុយទស្សនាប្រកួតយប់មិញ តែគេជឿថា ស្ថានភាពកីឡាករអង់គ្លេសនឹងត្រលប់មកប្រសើរឆាប់រហ័ស មុនការជាសះស្បើយរបស់ Varane។


បញ្ជាក់ថា United កំពុងឈរនៅចំណាត់ថ្នាក់លេខ ៦ ដែលមាន ១២ ពិន្ទុ នៅក្រោយក្រុម Top 3 មួយជុំ។ ពួកគេត្រូវការឈ្នះចាំបាច់ នៅប្រកួតបន្ទាប់ដើម្បីស្តារក្តីសង្ឃឹមអាចត្រលប់ទៅតារាង Top 5 ជាថ្មី៕
ប្រភព៖ Metro