ជួនខ្លះការចរចាចង់បានកីឡាករណាម្នាក់ បើប្រើត្រឹមទឹកមាត់ពីភាគីភ្នាក់ងារ ឬក្រុមការងាររបស់ក្លឹប ប្រហែលមិនគ្រប់គ្រាន់នោះទេ ផ្ទុយទៅវិញបើថែមអ្នកស្និទ្ធនឹងពួកគេនៅជម្រើសជាតិ ឬធ្លាប់ស្គាល់គ្នាក្នុងអាជីព នោះប្រហែលជាអាចសម្រេចលឿន។ ដូចករណីកីឡាករអង់គ្លេស ដែល Liverpool ចង់បាន ក៏កំពុងប្រើប្រាស់ Jordan Henderson និង Trent Alexander-Arnold ឲ្យទៅចូលរួមចំណែកផងដែរ។

នោះគឺការចង់បានខ្សែបម្រើការពារ Jude Bellingham សមាជិករបស់ក្លឹប Borussia Dortmund ដែលល្ហិចល្ហៀងពេលចុងក្រោយ មានក្លឹបធំៗជាច្រើនចង់នាំយកទាំងពី Liverpool, Real Madrid, Man City, Chelsea និង PSG ជាដើម។ បង្ហាញខ្លួនឲ្យក្លឹប ១០១ ប្រកួត គេរកបាន ១៣ គ្រាប់និង Assist ១៩ លើក ក៏កំពុងក្លាយជាកីឡាករមានហាងឆេងខ្ពស់បំផុតមួយក្នុងលោកផងដែរ។
តាមរបាយការណ៍ពី Football Insider ចុះផ្សាយថា Henderson និង Alexander-Arnold នឹងដើរតួក្នុងការអូស.ទាញយុវជនវ័យ ១៩ ឆ្នាំ ឲ្យព្រមផ្លាស់មកទឹកដី Anfield។ ពួកគេនឹងពន្យល់អំពីហេតុផល និងគោលបំណងនានា ដែលថាការផ្លាស់មកហង្សក្រហមជាជម្រើសល្អជាងបណ្តាក្លឹបដទៃណាទាំងអស់។


យើងមិនច្បាស់ថា Bellingham នឹងសម្រេចចិត្តបែបណាទេ ដ្បិតអីចចាមអារ៉ាមសព្វមួយដងថាកីឡាករហាក់បាក់ចិត្តលើការផ្ទេរទៅ Real Madrid ជាងក្លឹបយក្សដទៃ។ តែបើផ្ទេរមក Liverpool គេរំពឹងនឹងក្លាយជាតួឯកនៅតំបន់បម្រើ ព្រោះទីនេះកំពុងខ្វះជើងស្រាប់ ក្រោយ Georgino Wijnaldum ចាកចេញ ហើយកីឡាករកំពុងឈរជើងខ្លះក៏អាយុរាងចាស់ និងខ្លះធ្វើមិនបានល្អ៕
ប្រភព៖ Football Insider