Lopetegui អនាគត​អ្នកចាត់ការ​ថ្មី ប្រាប់​ក្លឹប Wolves ហើយ​ស្រេច ឲ្យ​សម្លឹង​មើល​កូន​ក្រុម Real រូប​នេះ

ក្លឹប​ចចក Wolverhampton Wanderers មិន​ទាន់​សម្រេច​ប្រកាស​វត្តមាន​អ្នកចាត់ការ​លោក Julen Lopetegui ជា​ផ្លូវការ​នៅ​ឡើយ ដ្បិត​អី​សព្វថ្ងៃ​នៅ​បន្ត​ដាក់​លោក Steve Davis ឲ្យ​ដឹកនាំ​បណ្ដោះអាសន្ន។ យ៉ាង​ណា​គេ​ជឿ​ថា ផែនការណ៍​ក្លឹប​គឺ​បាន​រៀបចំ​រួចរាល់​ហើយ នឹង​ចាត់តាំង​គ្រូ​សញ្ជាតិ​អេស្ប៉ាញ ឲ្យ​ចូល​កាន់​ជា​ផ្លូវការ​ឆាប់ៗ​នេះ។

Lopetegui

ទោះ​ជា​យ៉ាង​ណា​ អតីត​អ្នកចាត់ការ​ក្លឹប Sevilla ក៏​បាន​រាយការណ៍​ទៅ​ថ្នាក់​លើ​ក្លឹប​ថ្មី​របស់​ខ្លួន​រួច​ជា​ស្រេច ឲ្យ​សម្លឹង​មើល​ជា​បណ្តើរៗ នូវ​កីឡាករ​របស់​ក្លឹប Real Madrid ដែល​ជា​សមាជិក​ក្រៅ​ជម្រើស ហើយ​ជឿ​ថា​គុណភាព​របស់​គេ គួរ​តែ​អាច​មក​ជោគជ័យ​ជាមួយ​ក្លឹប​នៅ Premier League។

តាម​សារព័ត៌មាន The Telegraph បាន​ឲ្យ​ដឹង​ថា Lopetegui ចង់​ប្រើប្រាស់​តំណែង​របស់​ខ្លួន ចុះ​ហត្ថលេខា​យក Mariano Diaz នា​ពេល​ខាង​មុខ ពោល​អាច​ជា​បើក​ការ​ចរចា​នា​ខែ​មករា ឬ​ទីផ្សារ​ដោះដូរ​រដូវ​រងា។ ជួន​ពេល​ដែល​សុពលភាព​កុងត្រា​សល់​ត្រឹម​ចុង​ខែ​មិថុនា ឆ្នាំ ២០២៣ ជា​ហេតុ​នាំ​ឲ្យ​តម្លៃ​ខ្លួន​ Diaz ក៏​អាច​ទាប ក្រោម​ ៥ លាន​ផោន​ក៏​ថា​បាន។

Diaz
Diaz

យើង​មិន​ច្បាស់​ថា Real Madrid នឹង​សម្រេច​ចិត្ត​បែប​ណា​ទេ តែ​ភាគរយ​ច្រើន​ប្រាកដ​នឹង​លក់ ព្រោះ​សឹង​តែ​លែង​ប្រើ​កីឡាករ​អេស្ប៉ាញ​ទៅ​ហើយ។ ដូច​រដូវ​កាល ២០២២/២៣ ឈរ​ជើង ៤ ប្រកួត ស្មើ​នឹង​ ១៤ នាទី​គត់​លើ​ទីលាន ពោល​បម្រុង​ប៉ុន្មាន​នាទី​ចុង​តង់​នោះ​ឯង៕

ប្រភព៖ The Telegraph