តារាឆ្នើមអេស្ប៉ាញម្នាក់ បង្ហើបថាមានតែ Man Utd ប៉ុណ្ណោះ ជាក្លិបដែលខ្លួនចង់ផ្ទេរទៅ បន្ទាប់ពី Barca

យោង​តាម​របាយការណ៍​ចុះ​ផ្សាយ​ចុង​ក្រោយ​មួយ​ បាន​បង្ហាញ​ឱ្យ​ដឹង​ថា​ តារា​ឆ្នើម​វ័យ​ក្មេង​របស់​ក្លិប​ Barcelona បាន​ដាក់​ឈ្មោះ​ក្លិប​បិសាច​ក្រហម​ Manchester United ថា​ជា​ក្លិប​តែ​មួយ​គត់​ ដែល​គេ​ចង់​ផ្ទេរ​ទៅ​លេង​ឱ្យ​ ប្រសិន​បើ​ត្រូវ​ដើរ​ចេញ​ពី​ទឹក​ដី​ Camp Nou ទៅ​នោះ​ ។

ជាក់ស្តែងកីឡាករដែលចង់សំដៅលើនោះ គឺ Alejandro Balde​ បន្ទាប់ពីគេបានបង្ហាញភាពលេចធ្លោមួយ នៅក្រោមការដឹកនាំរបស់គ្រូបង្វឹក លោក Xavi ដោយបានចូលទៅបំពេញតំណែងរបស់ខ្សែការពារ Jordi Alba និងបានចូលលេងជម្រើសដំបូង ១២ លើករួចមកហើយ ក្នុងការបង្ហាញខ្លួនសរុប ១៤ ប្រកួតនៅក្នុងលីគរដូវកាលនេះ ។

ជាងនេះ ទៅទៀត គេក៏ទទួលបានការកោះហៅឱ្យចូលលេងក្នុងក្រុមជម្រើសជាតិអេស្ប៉ាញ សម្រាប់ពានរង្វាន់ World Cup នៅឯប្រទេសកាតារ ឆ្នាំ ២០២២ នេះទៀតផង ដូច្នេះហើយទើបគេមិនជឿជាក់ថា Balde អាចនឹងចង់ផ្ទេរចេញពីក្លិប Barca នៅក្នុងពេលឆាប់ណាមួយនោះឡើយ ។

តែទោះជាយ៉ាងណាក៏ដោយ អំឡុងពេលចូលរួមក្នុងបទសម្ភាស ជាមួយ Mundo Deportivo ខ្សែការពារវ័យ ១៩ ឆ្នាំរូបនេះ ត្រូវបានគេសួរនាំថា តើក្លិបណាមួយដែលគេចង់ផ្ទេរទៅចូលរួមបំផុត ក្រៅតែពី Barcelona ?

យ៉ាងណាមិញ ដោយមិនបានស្ទាក់ស្ទើយូរនោះឡើយ Balde បានឆ្លើយតបវិញភ្លាមថា ៖ គឺក្លិប Manchester United “។ ទន្ទឹមនឹងនេះកុងត្រាបច្ចុប្បន្នរបស់ Balde នៅទឹកដី Camp Nou នៅតែមានរយ:ពេលរហូតដល់ឆ្នាំ ២០២៤ ឯណោះ ៕

ប្រភព: Metro