Barca កំពុងស្ថិតនៅក្នុងការពិភាក្សាក្នុងការចុះកុងត្រានាំយកកីឡាករ R.Madrid ម្នាក់ មកក្លិប

ក្លិប​យក្ស​របស់​អេស្ប៉ាញ​ទាំង​ ២ គឺ​ Real Madrid និង​ Barcelona ត្រូវ​បាន​គេ​កត់​សម្គាល់​ឃើញ​ថា​ មិន​សូវ​មាន​ទំនាក់​ទំនង​ ក្នុង​ការ​ផ្ទេរ​យក​កីឡាករ​ពី​គ្នា​នោះ​ឡើយ​ អស់​រយ:​ពេល​ជា​ច្រើន​ឆ្នាំ​កន្លង​មក​នេះ ​។​

Xavi , Ancelotti

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ បើតាមរបាយការណ៍ចុះផ្សាយថ្មីៗនេះ បានបង្ហាញឱ្យដឹងថា ក្លិប Barcelona អាចនឹងមានការពិភាក្សា ជុំវិញការចុះហត្ថលេខានាំយកខ្សែប្រយុទ្ធ Marco Asensio មកកាន់ក្រុមរបស់ខ្លួន ខណ:ពេលដែលកុងត្រារបស់គេជាមួយក្លិប Madrid នឹងត្រូវបញ្ចប់ នៅដំណាច់រដូវកាលនេះហើយ ។

មិនតែប៉ុណ្ណោះ ប្រភពដដែលនេះ បានបង្ហាញឱ្យដឹងទៀតថា Asensio ហាក់មិនមានភាពរីករាយជាមួយនឹងពេលវេលារបស់គេ ជាមួយក្រុមដែលកំពុងស្ថិតនៅក្រោមការដឹកនាំរបស់គ្រូបង្វឹក លោក Carlo Ancelotti នោះឡើយ ។

ជាងនេះទៅទៀត ទីភ្នាក់ងារថ្មីរបស់ Asensio គឺលោក Jorge Mendes ត្រូវបានគេបង្ហាញឱ្យដឹងផងដែរថា បច្ចុប្បន្នកំពុងមានទំនាក់ទំនងយ៉ាងខ្លាំង ជាមួយនឹងក្លិប Barca បើតាម Sport ក៏បាននិយាយផងដែរថាក្រុមរបស់លោក Xavi អាចនឹងមានការផ្តល់ជូន ក្នុងការនាំយកកីឡាករអេស្ប៉ាញរូបនេះមកកាន់ទឹកដី Camp Nou ដោយគ្មានតម្លៃខ្លួន នៅទីផ្សាររដូវក្តៅខាងមុខ ។

ជម្រាបជូនផងដែរថា Asensio នឹងមិនមែនជាកីឡាករតែម្នាក់នោះគេទេ ដែលទំនងជាអាចផ្ទេរចេញពីក្លិប Madrid ហើយផ្ទេរទៅចូលរួមជាមួយក្រុមគូប្រជែងដ៏ធំ Barca នោះ ដោយកាលពីឆ្នាំ ១៩៩៦ លោក Luis Enrique ក៏បានធ្វើការផ្ទេរដ៏គួរឱ្យភ្ញាក់ផ្អើលមួយផងដែរ ៕

ប្រភព: Sportbible