វីរបុរសបាល់ទាត់ប្រេស៊ីល លោក Cafu បានបង្ហាញការជ្រើសរើសដ៏គួរឱ្យភ្ញាក់ផ្អើលសម្រាប់ជម្រើសបញ្ចូលគ្នា១១នាក់រវាងក្រុម Real Madrid និង Liverpool។
ក្រុមទាំងពីរ នឹងត្រូវជួបតតាំងជាមួយគ្នាក្នុងវគ្គ១៦ក្រុមចុងក្រោយ UEFA Champions League នាខែកុម្ភៈខាងមុខ ហើយអតីតកីឡាករឆ្នើមរបស់ក្រុមសាំបាប្រេស៊ីលលោក Cafu បានបង្ហាញពីកីឡាករ១១នាក់ដែលលោកពេញចិត្តរវាងក្រុមទាំងសងខាង។
ចាប់ផ្ដើមពីអ្នកចាំទី លោក Cafu បានរំលងមិត្តរួមជាតិប្រេស៊ីល Alisson ដោយជ្រើសយក Thibaut Courtois របស់ក្រុម Real Madrid។ សម្រាប់នៅក្នុងតំបន់ការពារ មានកីឡាករ Liverpool ៣រូបគឺ Andy Robertson, Virgil van Dijk និង Trent Alexander–Arnold ខណៈកីឡាករ Real Madrid មានខ្សែការពារប្រេស៊ីល Eder Militao។
នៅតំបន់បម្រើ Cafu បានជ្រើសរើសកីឡាករ Liverpool ទាំង៣រូបរួមមាន Thiago, Jordan Henderson និង Fabinho ជាជាង Eduardo Camavinga និងតារាឆ្នើម Luka Modric និង Toni Kroos របស់ Real Madrid។
នៅក្នុងតំបន់ប្រយុទ្ធ អតីតកីឡាកររបស់ក្លិប Roma រូបនេះបានជ្រើសរើស Mohamed Salah របស់ក្រុមហង្សក្រហម ហើយនឹង Karim Benzema និង Vinicius Jr របស់ Real Madrid៕
ប្រភព៖ talkSPORT