អ្នកតំណាងរបស់លោក Mourinho កំពុងសាកសួរឱកាសវិលត្រលប់មក PL វិញ ជាមួយក្លិបធំនេះ

ថ្មីៗ​នេះ​ អ្នក​តំណាង​របស់​លោក​ Jose Mourinho ត្រូវ​បាន​គេ​រាយការណ៍​មក​ថា​ បាន​ធ្វើ​ការ​ទាក់ទង​ទៅ​កាន់​ក្លិប​ធំមួយ​នៅ​ក្នុង​ក្រប​ខ័ណ្ឌ​ Premier League ដើម្បី​សាក​សួរ​អំពី​លទ្ធភាព​ ជុំ​វិញ​ការ​វិល​ត្រលប់​ទៅ​កាន់​ដឹក​នាំ​ក្រុម​នៅ​ទី​នោះ​វិញ​ ​។​

ជាក់ស្តែង នេះបើយោងតាមការចុះផ្សាយពី Daily Mail ដែលបានបង្ហាញឱ្យដឹងថា លោក Mourinho បច្ចុប្បន្ននេះ ហាក់មានភាពខកចិត្តចំពោះស្ថានភាពហិរញ្ញវត្ថុរបស់ក្លិប AS Roma ហើយមានឆន្ទ:ក្នុងការស្វែងរកក្លិបផ្សេងទៀត ដែលអាចមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការបំពេញតាមបំណងប្រាថ្នារបស់គាត់បាន ។

ហើយឥឡូវនេះ បើតាមប្រភពខាងលើនោះ បានបង្ហាញថា អ្នកតំណាងរបស់លោក Mourinho កំពុងធ្វើការទាក់ទងជាមួយក្លិបតោខៀវ Chelsea ដើម្បីសាកសួរអំពីលទ្ធភាព ក្នុងការវិលត្រលប់ទៅកាន់ទឹកដី Stamford Bridge ជាលើកទី ៣ ក្នុងអាជីពរបស់គាត់ ។

រំលឹកផងដែរថា បុរសញ្ជាតិព័រទុយហ្គាល់រូបនេះ ធ្លាប់បានឈ្នះពានរង្វាន់ Premier League បីលើក ជាមួយ Chelsea រួមទាំងពាន FA Cup និងពានរង្វាន់ League Cup ចំនួន ៣ លើកផងដែរ ប៉ុន្តែអំឡុងពេលនោះ​ លោក Mourinho មិនធ្លាប់បានឈ្នះពានរង្វាន់ Champions League ជាមួយ Chelsea នោះឡើយ ៕

ប្រភព: Sportskeeda