អតីតអ្នកចាត់ការក្រុមម្នាក់ កំពុងរង់ចាំមើលស្ថានភាពបច្ចុប្បន្នរបស់ Ancelotti ក្នុងក្រុម R.Madrid

ថ្មីៗ​នេះ​ ​បើ​តាម​ការ​ចុះ​ផ្សាយ​ពី​សារព័ត៌​មាន​ Central Defense បាន​បង្ហាញ​ឱ្យ​ដឹង​ថា​ អតីត​ចាត់ការ​ក្រុម​របស់​ Paris Saint-Germain នៅ​តែ​បន្ត​រង់​ចាំ​ការ​ខល​ហៅ​ពី​សំណាក់​ក្លិប​ Real Madrid ជុំ​វិញ​ការ​ទៅ​ជំនួស​តំណែង​របស់​លោក​ Carlo Ancelotti នា​ពេល​ខាង​មុខ​ ។​

Ancelotti 

ជាក់ស្តែង បច្ចុប្បន្នតំណែងរបស់លោក Ancelotti ហាក់កំពុងស្ថិតនៅក្នុងការតាមដានយ៉ាងដិតដល់ ជុំវិញការដឹកនាំក្រុមមិនសូវបានល្អ ជាពិសេសនៅក្នុងការប្រកួតក្នុងលីគ ដោយ Madrid កំពុងតាមពីក្រោយក្រុមកំពូលតារាង Barcelona ជាច្រើនពិន្ទុ ។

មិនតែប៉ុណ្ណោះ កុងត្រាបច្ចុប្បន្នរបស់លោក Ancelotti ក៏កាន់តែខិតជិតបញ្ចប់ហើយផងដែរ ដោយមានសុពលភាពត្រឹមដំណាច់រដូវកាលក្រោយប៉ុណ្ណោះ ចំពេលគាត់ក៏ត្រូវបានភ្ជាប់ទំនាក់ទំនងយ៉ាងខ្លាំង ជាមួយនឹងការទៅដឹកនាំក្រុមជម្រើសជាតិប្រេស៊ីល ដែលកំពុងទំនេរផងដែរ ។

ជុំវិញស្ថានភាពបែបនេះហើយ ទោះបើពេលថ្មីៗនេះ អតីតគ្រូបង្វឹកលោក Mauricio Pochettino កំពុងធ្វើការតាមដានយ៉ាងដិតដល់ ជុំវិញឱកាសទៅកាន់តំណែងនៅក្នុងក្រុម Real Madrid ហើយក៏កំពុងទន្ទឹងរង់ចាំការខលហៅពីសំណាក់ក្លិបយក្សអេស្ប៉ាញផងដែរ ។

ជម្រាបជូនឱ្យដឹងថា លោក Pochettino បច្ចុប្បន្ននៅតែទំនេរពីការងារ ចាប់តាំងពីលោកបានចែកផ្លូវគ្នាពីក្រុម PSG បន្ទាប់ពីបានដឹកនាំក្រុមយក្សបារាំង បាន ៨៤ ប្រកួត ដោយឈ្នះ ៥៦ លើក ស្មើ ១៣ និងចាញ់ ១៥ ដង ៕

ប្រភព: Sportskeeda