មេធំ Lyon បង្ហើបពីក្តី​ស្រមៃ​ធំ ក្នុងការនាំយកតារាឆ្នើម R.Madrid រូបនេះមកក្លិបខ្លួនឱ្យបាន

ថ្មីៗ​នេះ​ ប្រធាន​ក្លិប​ Lyon លោក​ Jean-Michel Aulas បាន​បង្ហើប​ប្រាប់​ឱ្យ​ដឹង​ថា​ លោក​នឹង​មិន​បោះ​បង់​ចោល​នូវ​ក្តី​ស្រមៃ​ដ៏​ធំ​របស់​ខ្លួន​ ដើម្បី​នាំ​យក​តារា​ឆ្នើម​របស់​ក្លិប ​Real Madrid ម្នាក់​ មក​បញ្ចប់​អាជីព​របស់​គេ​ នៅ​ទឹក​ដី​បារាំង​ ។​

ជាក់ស្តែង កីឡាករម្នាក់នោះ គឺ Karim Benzema បន្ទាប់ពីខ្សែប្រយុទ្ធរូបនេះ បានក្លាយជាគោលដៅដ៏ធំមួយសម្រាប់ក្រុម Lyon អស់រយ:ពេលជាយូរណាស់មកហើយ ប៉ុន្តែយ៉ាងណាក៏ដោយ ខ្សែប្រយុទ្ធវ័យ ៣៥ ឆ្នាំរូបនេះ បានបញ្ជាក់យ៉ាងច្បាស់រួចរាល់ហើយ ថាគេចង់ចូលនិវត្តន៍ជាមួយក្លិប Real Madrid ជាង ។

ប៉ុន្តែបើទោះបីជាមានការលើកឡើងបែបនេះក្តី ប្រធានក្លិប Lyon លោក Aulas បានបញ្ជាក់ថា លោកនឹងមិនព្រមបោះបង់ចោល ការព្យាយាម ក្នុងការនាំយក Benzema មកកាន់ក្លិបរបស់ខ្លួនវិញនោះឡើយ ខណ:ពេលដែលកុងត្រាបច្ចុប្បន្នរបស់កីឡាកររូបនេះ ជាមួយក្លិបយក្សអេស្ប៉ាញ ក៏កាន់តែខិតជិតបញ្ចប់ផងនោះ ។

លើសពីនេះ លោក Aulas បាននិយាយថា ៖ ខ្ញុំមានក្តីស្រមៃចង់ឃើ្ Benzema ត្រលប់មក Lyon វិញ ប៉ុន្តែវាហាក់ជារឿងស្មុគស្មាញបន្តិច។ យើងនឹងព្យាយាមចុះហត្ថលេខាលើគាត់។ ប្រសិនបើយើងមានលទ្ធភាព និងឱកាសតិចតួចប៉ុណ្ណា យើងនឹងត្រូវតែសាងល្បង។ គាត់ជានិមត្តិរូបរបស់ក្លិបយើង

ប្រភព: Besoccer