ហេតុផល​នេះ ទើប Zlatan ​នឹង​មិន​បាន​មេដាយ​ជើង​ឯក បើ​ទោះ​បី AC Milan អាច​កាន់​ពាន UCL

តារា​ឆ្នើម​ចាស់​វស្សា Zlatan Ibrahimovic វាសនា​កំណត់​មក​ហើយ​ទេ​ដឹង ថា​មិន​ឲ្យ​កាន់​ពាន Champions League ជាក់ស្តែង​ក្នុង​មួយ​អាជីព​ស្គាល់​តែ​ជាតិ​ Europa ដល់​តែ​មក​ដល់​រដូវ​កាល​នេះ ក្តី​សង្ឃឹម​នៅ​នឹង​មុខ ដ្បិត​ជាមួយ​ក្លឹប AC Milan ឡើង​ដល់​វគ្គ ៤ ក្រុម ក៏​ពុំ​បាន​ជា​ឱកាស​សម្រាប់​កីឡាករ​ស៊ុយអែត​នោះ​ដែរ។

ប្រសិន​ណា​ជា​ក្លឹប​ស្ថិត​ក្នុង​ទីក្រុង Milan អាច​ឆ្លង​ផុត​គូ​ប្រជែង​រួម​កីឡដ្ឋាន​តែ​មួយ​គឺ Inter នៅ​វគ្គ ៤ ក្រុម ហើយ​បន្ត​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ យក​ឈ្នះ​រវាង Real Madrid ឬ Manchester City ដល់​សម្រេច​ក្លាយ​ជា​ម្ចាស់​ពាន​រង្វាន់ នោះ​ក៏​ខ្សែ​ប្រយុទ្ធ​វ័យ ៤១ ឆ្នាំ នឹង​មិន​បាន​បំពាក់​មេដាយ​មាស ឬ​មេដាយ​ពាន​រង្វាន់​នោះ​ដែរ។

ក៏​ដោយសារ​តែ​វា​ជួន​ពេល​កន្លង​មក Zlatan ជួប​បញ្ហា​របួស ហើយ​ឱកាស​បញ្ចូល​ឈ្មោះ​ទៅ​ក្នុង​បញ្ជី​កីឡាករ​ត្រូវ​មក​ចូលរួម​នៅ UCL ទាំង​ពីរ​លើក នា​ខែ​កញ្ញា និង​ខែ​កុម្ភៈ គឺ​ក្លឹប​ខកខាន មិន​បាន​ដាក់​ឈ្មោះ​លោក​ព្រះ​ទាំង​ពីរ​សារ។ បែប​នេះ គឺ​អស់​ឱកាស​ហើយ ដោយ​ក្លឹប​ឈ្នះ ក៏​ពុំ​រាប់​ចូល​ចំណែក​លោក​ដែរ។

រំឭក​ឲ្យ​ដឹង​ថា មុន​នោះ អតីត​សមាជិក​ Man Utd/PSG បាន​សម្រាក​ព្យាបាល​របួស​ជង្គង់​អស់​រយៈ​ពេល​ច្រើន​ខែ ទើប​តែ​ដល់​ខែ​កុម្ភៈ ហួស​ការ​ប្រកួត UCL វគ្គ ១៦ ក្រុម​ទៅ​ហើយ ទើប Zlatan ត្រលប់​ចូល​ទីលាន​វិញ បែប​នេះ វា​ហួស​ពេល​បន្តិច ធៀប​នឹង​កាលបរិច្ឆេទ​បញ្ជូន​ឈ្មោះ​កីឡាករ​ទៅ​កាន់​សមាគម​បាល់ទាត់​អឺរ៉ុប៕

ប្រភព៖ SportBible