គ្រូធំ Newcastle ចេញមុខបដិសេធជុំវិញរឿងនាំយក Ronaldo , Neymar មកលេងជុំគ្នា

ថ្មីៗនេះ អ្នកចាត់ការក្រុម Newcastle United លោក Eddie Howe បានចេញមុខច្រានចោលជុំវិញការរំពឹងទុកទាំងឡាយ ដែលទាក់ទិនទៅនឹងខ្សែប្រយុទ្ធ Cristiano Ronaldo និង Neymar នៅទីផ្សារដោះដូរកីឡាករ នារដូវក្តៅខាងមុខនេះ ។

ជាក់ស្តែង បច្ចុប្បន្ននេះ ក្រុមហ៊ុន Newcastle ហាក់កំពុងទទួលបាន​ឱកាសធំដើម្បីអាចដណ្តើមយកកៅអីលេងនៅពានរង្វាន់ Champions League នៅរដូវកាលក្រោយ ស្របពេលគ្រូបង្វឹកលោក Howe ក៏មិនបានលាក់បាំងផងដែរ ចំពោះការព្យាយាមនាំយកកីឡាករលំដាប់ពិភពលោក ដើម្បីមកពង្រឹងក្រុមបន្ថែម ។

ទន្ទឹមនឹងនេះ ទាំង Ronaldo និង Neymar ត្រូវបានគេរាយការណ៍មកថា ហាក់ទំនាក់ទំនងយ៉ាងខ្លាំង ជាមួយនឹងក្លិប Newcastle នៅមួយរយ:ពេលចុងក្រោយនេះ ដោយសារតែពួកគេសុទ្ធសឹងតែជួបស្ថានភាពលំបាករៀងៗខ្លួន ទាំងនៅក្រុម Al-Nassr និង PSG

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លោក Howe បានចេញមុខបញ្ជាក់វិញថា ក្លិប Newcastle របស់លោកនឹងមិនចូលរួម ក្នុងការប្រណាំងប្រជែង ដើម្បីចុះហត្ថលេខានាំយកកីឡាករទាំង ២ រូបខាងលើមកកាន់ក្រុមរបស់ខ្លួននោះឡើយ ។

លើសពីនេះ លោកបន្ថែមទៀតថា​៖ “​យើងមិនអាចសូម្បីតែទៅកៀកពួកគេឡើយ ព្រោះថាយើងគ្មានលទ្ធភាពនោះទេ។ ពួកគេជាកីឡាករលំដាប់ពិភពលោក។ ពួកគេមិនស្ថិតនៅក្នុងបញ្ជីគោលដៅរបស់យើងឡើយ ព្រោះថាយើងគ្មានលទ្ធភាបផ្តល់តម្លៃផ្ទេរ ឬសូម្បីតែប្រាក់ឈ្នួលនោះឡើយ

ប្រភព: Sportsmole