ចង់​បាន Neymar លុះ​ត្រា Man Utd បំ-ពាន​ច្បាប់​ចាស់ ធ្លាប់​ធ្វើទុក្ខ​ដាក់ Ronaldo

ក្លឹប​បិសាច​ក្រហម Manchester United នា​រយៈ​ពេល​ចុង​ក្រោយ ល្ហៀងៗ​មាន​ដំណឹង​ចង់​នាំ​យក Neymar Jr ចេញ​ពី PSG មក​ចូលរួម​នៅ Old Trafford ហើយ​តាម​ចចាមអារ៉ាម​គ្រោង​អាច​កើត​ឡើង​ទៅ​បាន​លើ​ទីផ្សារ​ដោះដូរ​រដូវ​ក្តៅ​ខាង​មុខ។

ទោះ​ជា​យ៉ាង​ណា​នៅ​ថ្ងៃ​នេះ​ក៏​មាន​ការ​លើក​ឡើង​មួយ​ពី​អ្នក​វិភាគ​ត្រង់​ថា United មិន​អាច​ចេះ​តែ​យក​បាន​ឡើយ ដ្បិត​ការ​នាំ​យក​កីឡាករ​ប្រេស៊ីល​ ពិត​ណាស់​លុះត្រា​តែ​ក្លឹប​ព្រម​បំពាន​ច្បាប់​ចាស់ ដែល​អ្នកចាត់ការ​លោក Erik ten Hag ធ្លាប់​បាន​អះអាង ហើយ​ក៏​ធ្លាប់​អនុវត្ត​លើ Cristiano Ronaldo រួច​ហើយ​ដែរ។

នោះ​គឺ​កន្លង​មក​ធ្លាប់​ធ្វើ​ទុក្ខ​បុក​ម្នេញ​ដល់ CR7 ចាកចេញ ដ្បិត​មាន​ការ​អះអាង​ច្បាស់​ថា​ក្លឹប​នឹង​មិន​ចំណាយ​ប្រាក់​លើ​កីឡាករ​ណា​ម្នាក់ ឲ្យ​លើស​ខ្ពស់​ជ្រុល​ធៀប​នឹង​កីឡាករ​ដទៃ​ឡើយ។ កាល​នោះ Ronaldo រក​បាន​ខ្ទង់​ជិត ៤០ មុឺន​ផោន ខណៈ​កីឡាករ​ដទៃ​ផ្សេង​ទៀត​បាន​ទាប​ជាង​ឆ្ងាយ ហើយ​ច្បាប់​ក្រោយ​មក​គឺ​តម្រឹម​ប្រាក់​ឈ្នួល​ប្រហែល​គ្នា ខ្ពស់​បំផុត​ត្រឹម​ ២០ មុឺន​ផោន​ប៉ុណ្ណោះ​ឯង។

នេះ​ក៏​បាន​យក​ទៅ​អនុវត្ត​លើ​អ្នកចាំទី David de Gea ដូច​គ្នា ប្រសិន​ត​កុងត្រា​ថ្មី គឺ​លុះត្រា​ព្រម​ទទួល​យក​ការ​បញ្ចុះ​តម្លៃ​ប្រាក់​ឈ្នួល។ រី​ឯ Neymar ឯ​ណោះ សព្វថ្ងៃ​មួយ​សប្តាហ៍​រក​បាន​ជិត ១ លាន​ផោន​នៅ PSG អ៊ីចឹង​វា​គ្មាន​ផ្លូវ​អាច​ទៅ​រួច​ឡើយ មក​បញ្ចុះ​សល់​ល្បាក់ ២០ មុឺន​ផោន ជា​រួម​លុះត្រា​ណា​តែ United ដើរ​ហួស​សម្តី​ដែល​ខ្លួន​និយាយ​កាល​ Ronaldo នៅ​ឈរ​ជើង ទើប​ទៅ​រួច៕

ប្រភព៖ SportBible