ក្លឹប Bayern ក្រវែល​ឥត​ដក​ភ្នែក ចង់​បាន​កូន​ពីងពាង​អាហ្សង់ទីន Julian Alvarez

តាម​សារព័ត៌មាន Bild ចុះ​ផ្សាយ​ថា ក្លឹប​អាល្លឺម៉ង់ Bayern Munich ហាក់​សម្លឹង​មិន​ដាក់​ភ្នែក​ទាល់​តែ​សោះ ពោល​គឺ​ត្រៀម​ខ្លួន​រួចរាល់​នឹង​ចូល​ប្រជែង​បណ្តា​ក្លឹប​នានា ក្នុង​ការ​ចង់​បាន Julian Alvarez លើ​ទីផ្សារ​ដោះដូរ​រដូវ​ក្តៅ​ខាង​មុខ ដ្បិត​កំពុង​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​កាន់​ឆ្នាំ​របស់​ក្លឹប​អាណាព្យាបាល Manchester City។

ប្រយុទ្ធ​វ័យ​ក្មេង ដែល​ត្រូវ​បាន​គេ​ដាក់​រហស្សនាម​ជា “ពីងពាង​តូច​អាហ្សង់ទីន” សម្រាប់​ក្លឹប​អាល្លឺម៉ង់​ហាក់​ចង់​បាន​គេ មក​បំពេញ​កន្លែង Robert Lewandowski ព្រោះ​ជឿជាក់​លើ​គុណភាព ហើយ​ណា​មួយ​សម្លឹង​ឃើញ​ឱកាស ដែល​កីឡាករ​វ័យ​ក្មេង​មិន​ជា​តម្រូវ​ការ​ធំ​របស់ Pep Guardiola នៅ​មេឃ​ខៀវ​ផង ពោល​គឺ​នៅ​ចាញ់​តែម Erling Haaland។

សម្រាប់​ក្លឹប​ដឹកនាំ​ដោយ​លោក Thomas Tuchel សព្វថ្ងៃ មាន​គោលដៅ​ពីរ​ផ្សេង​ទៀត​ដែរ ដូច Harry Kane ដូច Kolo Muani តែ​មិន​ជា​ចង់​ចំណាយ​ច្រើន​នោះ​ទេ ពោល​មិន​ថា​ការ​ចរចា​នរណា​ក៏​ដោយ មិន​ដាក់​ចិត្ត​ចាយ​លើស ១០០ លាន​អឺរ៉ូ។

យើង​ក្រឡេក​ទៅ​មើល Alvarez ដែល​សេសសល់​កុងត្រា​ដល់​ចុង​ខែ​មិថុនា ឆ្នាំ ២០២៨ ពេល​ចុង​ក្រោយ​បន្ទាប់​ការ​ឈ្នះ​ពាន World Cup និង​សមិទ្ធផល​សម្រេច​ជា​បន្តបន្ទាប់​ជាមួយ​ក្លឹប​អង់គ្លេស បាន​រុញ​ឲ្យ​តម្លៃ​ខ្លួន​ឡើង​ចន្លោះ​ពី ៥០ ទៅ ៨០ លាន​អឺរ៉ូ​ឯ​ណោះ។ ស្ថិតិ​រដូវ​កាល​នេះ កីឡាករ​វ័យ ២២ ឆ្នាំ បង្ហាញ​ខ្លួន ៤៨ ប្រកួត ក៏​រក​បាន ១៧ គ្រាប់​និង Assist ៥ លើក៕

ប្រភព៖ BeSoccer