Man Utd ពិចារណានាំយកទាំង Araujo និង De Jong មករួមគ្នា នៅរដូវក្តៅខាងមុខ

ថ្មីៗនេះ ក្លិបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍មកថា កំពុងពិចារណាលើការផ្ទេរយកកីឡាករ Ronald Araujo និង Frenkie de Jong របស់ក្លិប Barcelona នៅទីផ្សាររដូវក្តៅខាងមុខនេះ ។

ជាការពិតណាស់ក្លិបបិសាចក្រហម បានធ្វើការចំណាយទឹកប្រាក់ជាច្រើន ក្នុងអំឡុងទីផ្សារដោះដូរដំបូងរបស់លោក Erik ten Hag ក្នុងនាមជាគ្រូបង្វឹក ហើយពេលនោះ​ លោកក៏បានព្យាយាមតាមចុះហត្ថលេខាលើ De Jong ផងដែរ ប៉ុន្តែទីបំផុតមិនបានសម្រេច ។

គួរឱ្យដឹងថា បច្ចុប្បន្ន Barcelona នៅតែបន្តស្ថិតក្រោមសម្ពាធហិរញ្ញវត្ថុ ដែលជាហេតុអាចនឹងនាំឱ្យមានការលក់កីឡាករមួយចំនួននៅរដូវក្តៅនេះ ជាពិសេសនៅពេលពួកគេចង់ចុះហត្ថលេខានាំយក Lionel Messi មកវិញផងដែរ ។

ជុំវិញស្ថានភាពបែបនេះហើយ ទើបមានរបាយការណ៍ចុងក្រោយ បានបង្ហាញថាអនាគតរបស់ De Jong ហាក់ធ្លាក់ចុះទៅក្នុងភាពសង្ស័យជាថ្មី ខណ:បើតាម Mundo Deportivo បានបង្ហាញថាលោក Ten Hag នៅតែចាប់អារម្មណ៍ក្នុងការនាំយកគេមកកាន់ទឹកដីអង់គ្លេស ក្នុងទីផ្សារនាពេលខាងមុខ។

របាយការណ៍ដដែលនេះ ក៏បានអះអាងទៀតផងដែរថា ស្ថានភាពបច្ចុប្បន្នរបស់ Araujo ក៏កំពុងត្រូវបានត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ ដោយក្លិប Man United នៅទីផ្សារដោះដូរនាពេលខាងមុខនេះផងដែរ ៕

ប្រភព: Sportsmole