Paris Saint–Germain មានគម្រោងក្នុងការពង្រឹងក្រុម ដើម្បីអាចមានលទ្ធភាពប្រជែងពានរង្វាន់ UEFA Champions League រដូវកាលក្រោយ បន្ទាប់ពីទទួលបានការខកចិត្តនារដូវកាលនេះ។
យោងតាមប្រភពពី RMC Sport បានរាយការណ៍ថា ក្លិបបារាំងមួយនេះ បានឈានដល់ការព្រមព្រៀងរួចរាល់ហើយជាមួយនឹងកីឡាករ Manuel Ugarte របស់ក្លិប Sporting Lisbon ខណៈការចរចាជាមួយក្លិបព័រទុយហ្កាល់ កំពុងតែដំណើរការ។

ដើម្បីអាចយកបានកីឡាករអ៊ុយរូហ្កាយរូបនេះ PSG ត្រូវធ្វើតាមការតម្រូវរបស់ក្លិបព័រទុយហ្កាល់ ដែលបានដាក់តម្លៃផ្ទេររូបគេប្រមាណ៦០លានអឺរ៉ូ ហើយក្លិបដែលមានមូលដ្ឋានក្នុងទីក្រុងប៉ារីស មិនរារែកក្នុងការចំណាយលើការផ្ទេរនេះឡើយ។
កីឡាករឆ្នើមមួយរូបផ្សេងទៀតដែល PSG បានឈានដល់ការព្រមព្រៀងជាមួយគឺ ខ្សែការពារ Lucas Hernandez របស់ក្លិប Bayern Munich។ កីឡាករបារាំង ដែលមានបញ្ហារបួសរយៈពេលវែង មិនមានបំណងក្នុងការបន្ដកិច្ចសន្យាថ្មីជាមួយ Bayern នោះទេ ខណៈគេរង់ចាំសំណើផ្លូវការរបស់ក្លិបបារាំង។

សារព័ត៌មាន L’Equipe បានឱ្យដឹងថា ការព្រមព្រៀងផ្ទាល់ខ្លួនរវាងកីឡាកររូបនេះ និងក្លិបកំពូលតារាង Ligue 1 ត្រូវបានធ្វើឡើងរួចរាល់ ហើយពេលនេះពួកគេបានសុំការចរចាជាមួយក្លិបអាល្លឺម៉ង់ ដើម្បីធ្វើការផ្ទេរនៅរដូវក្ដៅនេះ៕
ប្រភព៖ Be Soccer