Potter កាន់តែកៀកវិលចូលមកកាន់តំណែងអ្នកចាត់ការវិញ ក្រោយត្រូវ Chelsea ដេញចេញ

ថ្មីៗនេះ លោក Graham Potter ត្រូវបានគេរាយការណ៍មកថា កំពុងខិតជិត ក្នុងការវិលត្រលប់មកកាន់តំណែងជាអ្នកចាត់ការរបស់ខ្លួនវិញ ចាប់តាំងពីត្រូវបានក្រុមតោខៀវ Chelsea បណ្តេញចេញពីតំណែង កាលពីខែមេសា ។

ជាការពិតណាស់ លោក Potter បានដឹកនាំក្រុម Chelsea ក្នុងរយ:ពេលតិចជាង ៧ ខែប៉ុណ្ណោះ នៅទឹកដី Stamford Bridge បន្ទាប់ពីគាត់បានចូលទៅជំនួសតំណែងរបស់លោក Thomas Tuchel

តែទោះជាយ៉ាងណាក៏ដោយ ឥឡូវនេះ Potter គ្រោងនឹងវិលត្រលប់មកដឹកនាំក្រុមវិញហើយ ដោយកាសែត Daily Mail បានរាយការណ៍ថាបុរសសញ្ជាតិអង់គ្លេសរូបនេះ កំពុងស្ថិតនៅក្នុងបេក្ខភាពកំពូលរបស់ក្រុមយក្សបារាំង Nice

មិនតែប៉ុណ្ណោះ ប្រភពដដែលនេះ បានឱ្យដឹងទៀតថា Potter ចាប់អារម្មណ៍លើតួនាទីនេះ ហើយបើតាម L’Equipe បានអះអាងទៀតថា កិច្ចប្រជុំមួយត្រូវបានរៀបចំធ្វើឡើងហើយ ដោយថ្នាក់ដឹកនាំរបស់ក្លិបបារាំងនេះ ចង់នាំយកគាត់មកដឹកនាំ ឱ្យបានឆាប់តាមដែលអាចធ្វើបាន ៕

ប្រភព: Metro