Bayern មានទំនុកចិត្តយកបាន Rice ក្រោយគ្រូធំ Tuchel ចេញមុខទាក់ទងទៅដោយផ្ទាល់

ក្លិប Bayern Munich ថ្មីៗនេះ ត្រូវបានគេរាយការណ៍មកថា កំពុងបង្កើនផែនការរបស់ខ្លួន ក្នុងការព្យាយាមចុះហត្ថលេខាលើខ្សែបម្រើឆ្នើម Declan Rice បន្ទាប់ពីអ្នកចាត់ការក្រុម លោក Thomas Tuchel ចេញមុខទាក់ទងទៅកីឡាកររបស់ក្រុម West Ham រូបនេះ ដោយផ្ទាល់ ។

ជាក់ស្តែង កីឡាករសញ្ជាតិអង់គ្លេសរូបនេះ ត្រូវបានគេរំពឹងទុកខ្ពស់ថា នឹងចាកចេញពីក្លិប West Ham នៅពេលទីផ្សារដោះដូរកីឡាករបើកឡើងវិញ នារដូវក្តៅខាងមុខនេះ ចំពេលកំពុងមានក្លិបជាច្រើន នៅ Premier League ចាប់អារម្មណ៍លើផងដែរ ។

ប៉ុន្តែយ៉ាងណាមិញ Bayern ហាក់កំពុងរៀបចំបង្កើតការប្រកួតប្រជែងរបស់ខ្លួន ខណ:បើតាមការចុះផ្សាយពី Sky Sport បានបង្ហាញថា លោក Tuchel បាននិយាយដោយផ្ទាល់ ជាមួយ Rice ក្នុងកិច្ចខិតខំប្រឹកប្រែង ដើម្បីបញ្ចុះបញ្ចូលគេ ឱ្យផ្ទេរមកកាន់ទឹកដី Bundesliga

គួរឱ្យដឹងថា Rice បានក្លាយជាគោលដៅផ្ទេរកំពូលមួយ សម្រាប់ក្រុម Bayern នៅរដូវក្តៅនេះ ខណៈដែលពួកគេកំពុងស្វែងរកការពង្រឹងក្រុមរបស់ខ្លួនបន្ថែមទៀត ដើម្បីប្រកួតប្រជែង នៅក្នុងក្របខ័ណ្ឌ Champions League រដូវកាលក្រោយ ៕

ប្រភព: Metro