Benzema ត្រូវ​បាន​ក្លឹប​គូ​ប្រជែង Ronaldo ដាក់​សំណើ​ចង់​បាន ​ហ៊ាន​ផ្តល់​ជូន ២០០ លាន​អឺរ៉ូ

ទន្ទឹម​នឹង​សុពលភាព​កុងត្រា​របស់​កីឡាករ​បារាំង​ត្រូវ​ផុត​នៅ​ឆ្នាំ​ក្រោយ បូក​ផ្សំ​នឹង​ស្ថានភាព​នៃ​ការ​ចាកចេញ​ស្ថិត​នៅ​ភាគរយ​ខ្ពស់ ក៏​នាំ​ឲ្យ​ក្លឹប​ស្ថិត​នៅ​ដី​អារ៉ាប៊ីសាអូឌីត​ឯ​ណោះ បាន​ដាក់​ក្រសែ​ភ្នែក​ចង់​បាន​ Karim Benzema ជា​ពន់ពេក ទៅ​ចូលរួម​នៅ​រដូវ​កាល​បន្ទាប់។

នោះ​គឺ Al Ittihad ជា​ក្លឹប​កំពុង​ឈរ​កំពូល​តារាង Saudi Pro League សម្រេច​ក្លាយ​ជា​ម្ចាស់​ជើង​ឯក ក៏​រាប់​ជា​ក្លឹប​គូ​ប្រជែង​កាន់​ឆ្នាំ​មួយ​ដែរ របស់​ក្លឹប Al Nassr ជា​ក្លឹប Cristiano Ronaldo មិត្ត​ចាស់​កីឡាករ Real Madrid កំពុង​ឈរ​ជើង។

ដើម​ឡើយ​មាន​សំណើ​លើក​ដំបូង ដែល​ក្លឹប Al Ittihad ផ្តល់​ជូន គឺ​ត្រូវ​បាន​ខ្សែ​ប្រយុទ្ធ​វ័យ ៣៥ ឆ្នាំ បដិសេធ ដល់​ហើយ​នេះ​ជា​សំណើ​ថ្មី ដាក់​ថ្លៃ​ឈ្នួល​ផ្តល់​ជូន Benzema ខ្ពស់​កប់​ពពក​ជាង​មុន ពោល​សន្យា​ផ្តល់​ជូន ២០០ លាន​អឺរ៉ូ នៅ​រយៈ​ពេល ២ រដូវ​កាល មាន​ន័យ​ថា មួយ​រដូវ​កាល ១០០ លាន​អឺរ៉ូ ឲ្យ​តែ​គេ​ព្រម​មក​ចុះចូល។

ទំហំ​នេះ ធៀប​នឹង​ទំហំ​ប្រាក់​ឈ្នួល​សព្វថ្ងៃ​ដែល Benzema រក​បាន​នៅ​ក្លឹប​ម្ចាស់ដី Bernabeu គឺ​ខុស​គ្នា​គុណ​ជា ៤ ឯ​ណោះ ដ្បិត​សព្វថ្ងៃ​រក​បាន​ល្បាក់ ២៥ លាន​អឺរ៉ូ/ឆ្នាំ នៅ​អធិរាជ​ស។ រំឭក​ថា​រដូវ​កាល ២០២២/២៣ សម្រាប់​កីឡាករ​ខាង​លើ​ធ្វើ​បាន​ល្អ​គួរ​សម ដ្បិត​របួស​ញាំញី ក៏​នៅ​អាច​បង្ហាញ​ខ្លួន ៤២ ប្រកួត រក​បាន ៣០ គ្រាប់​និង Assist ៦ លើក​ផង​ដែរ៕

ប្រភព៖ DailyPost